ប្រទេសកេនយ៉ា៖ មន្ត្រីរដ្ឋាភិបាលប្រចាំតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ ត្រូវបានបាញ់សម្លាប់ក្នុងភូមិមួយនៅភាគឦសានស្រុកហ្ការីហ្សាប្រទេសកេនយ៉ាក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងមនុស្ស ២ក្រុមក្នុងតំបន់កាលពីថ្ងៃពុធ។
លោក ចន អូធីអេណូ ស្នងការភូមិនៅភាគឦសានបានបញ្ជាក់ពីហេតុការណ៍កាលពីល្ងាចថ្ងៃពុធ ដោយនិយាយថា ជនរងគ្រោះត្រូវបានស្ទាក់វាយឆ្មក់ និងសម្លាប់ ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខក្នុងពេលដែលពួកគេអង្គុយក្នុងរថយន្ត។
លោក អូធីអេណូ បានប្រាប់អ្នកសារព័ត៌មានថា “យើងបានបើកប្រតិបត្តិការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃឧប្បត្តិហេតុ។ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលគាត់កំពុងជួយក្នុងការស៊ើបអង្កេត”។
លោក អូធីអេណូ និយាយថា ការវាយប្រហារនេះត្រូវបានគេសង្ស័យថាជាបេសកកម្មសងសឹកបន្ទាប់ពីមនុស្សម្នាក់ផ្សេងទៀតរបស់បក្សពួកគូរបដិបក្សត្រូវបានសម្លាប់។
លោកបានបន្ថែមថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់នៃបក្សពួកក្រុមជម្លោះទាំងពីរត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា ដែលគេនិយាយថាមូលហេតុនៃជម្លោះនោះគឺបណ្តាលមកពីជម្លោះដីធ្លីជាយូរមកហើយ។ អ្នកស្រុកបាននិយាយថា ជនរងគ្រោះ២នាក់នៃការវាយប្រហារជាសិស្សសាលាដែលធ្វើដំណើរទៅផ្ទះក្នុងថ្ងៃឈប់សម្រាក។
អ្នកស្រុកម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយតាមទូរស័ព្ទថា “មនុស្ស៦នាក់ដែលត្រូវបានសម្លាប់បានធ្វើដំណើរតាមរថយន្តមួយគ្រឿង បន្ទាប់មករថយន្តត្រូវបានបញ្ឈប់ដោយអ្នកវាយប្រហារ ហើយមនុស្សក្នុងឡានទាំងអស់ត្រូវបានសម្លាប់ ដែលមានទាំងសិស្សវិទ្យាល័យ ២នាក់ដែលពួកគេធ្វើដំណើរទៅផ្ទះក្នុងថ្ងៃឈប់សម្រាក”។
ភាពតានតឹងនៅតែមានកម្រិតខ្ពស់ខណៈដែលភាពភ័យខ្លាចនៃការសងសឹករបស់ក្រុមដែលរងគ្រោះ។
ការប៉ះទង្គិចគ្នាដោយសារដីធ្លីគឺជារឿងធម្មតានៅក្នុងស្រុកហ្ការីហ្សា ដែលជាលទ្ធផលមាន មនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស។
អ្នកស្រុកបាននិយាយថា ការបាត់បង់ដីវាលស្មៅសហគមន៍ដើម្បីធ្វើកសិកម្ម និងការរិចរិលបរិស្ថាន បានជំរុញឱ្យមានជម្លោះនៅក្នុងតំបន់វាលស្មៅចិញ្ចឹមសត្វភាគខាងជើងប្រទេសកេនយ៉ាដែលជាការកត់សម្គាល់គឺសេរីភាពនៃការធ្វើដំណើរនៅលើវាលស្មៅល្វឹងល្វើយគឺជាធាតុសំខាន់នៃប្រព័ន្ធគ្រប់គ្រងធនធានដីស្ងួតរបស់អ្នកចិញ្ចឹមសត្វ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣