ប្រទេសប៉ាគីស្ថាន៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា នាយកដ្ឋានប្រឆាំង
ភេរវកម្ម ហៅកាត់ថា (CTD) របស់ប៉ូលិសនៅខេត្តផុនចាបភាគខាងកើតប្រទេសប៉ាគីស្ថានបានចាប់ខ្លួនក្រុមភេរវករ ៤២នាក់ពីអង្គការភេរវករហាមឃាត់ក្នុងខែសីហានេះ។
ទិន្ន័យដែលប៉ូលិសបានផ្តល់ឲ្យភ្នាក់ងារសារព័ត៌មានកាលពីថ្ងៃអាទិត្យបានបង្ហាញថា
ក្រុមភេរវករដែលត្រូវបានចាប់ខ្លួនរួមមានក្រុមសកម្មប្រយុទ្ធថេរ៉ីក អ៊ី តាលីបង់ប៉ាគីស្ថាន
៨នាក់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ និងក្រុមសកម្មប្រយុទ្ធអាល់កៃដា ២នាក់ដែលបានរៀបផែនការវាយប្រហារភេរវកម្មនៅក្នុងប្រទេស។
ប៉ូលិសបាននិយាយថា នាយកដ្ឋានប្រឆាំងភេរវកម្មធ្វើប្រតិបត្តិការតាមប្រមាញ់មិនតិចជាង ១,០០០លើកនៅទូទាំងខេត្តដើម្បីចាប់ខ្លួនក្រុមភេរវករទាំងនោះ ជាពិសេសនៅក្នុងស្រុកឡាហ័រ ស្រុករ៉ាវ៉លភីនឌី ស្រុកបាហាវ៉លផួរ ស្រុកហ្កួរ៉េនវ៉ាឡា ស្រុកម៉ូលថាន ស្រុកសាហ្កូដា ស្រុកឈីននៀត ស្រុកកាសួរ និងស្រុកម៉ានឌី បាហូឌីន។
ប៉ូលិសបាននិយាយថា ក្រុមភេរវករដែលចាប់ខ្លួនបានទាំងអស់ជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ឬពួកគេបានរៀបចំផែនការដើម្បីធ្វើសកម្មភាពវាយប្រហារ និងជ្រើសរើសសមាជិកបន្ថែមដើម្បីបម្រើឱ្យអង្គការរបស់ពួកគេ។
ក្នុងពេលប្រតិបត្តិការ នាយកដ្ឋានប្រឆាំងភេរវកម្មបានរឹបអូសឃ្លាំងអាវុធ និងរំសេវពីក្រុមភេរវករទាំងនោះ ដោយក្នុងនោះរួមមានសម្ភារៈបំផ្ទុះ ឧបករណ៍បំផ្ទុះ និងគ្រឿងផ្ទុះកែច្នៃ សារធាតុគីមី និងរូបិយប័ណ្ណក្នុងស្រុក និងបរទេសជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣