ប្រទេសយេម៉ែន៖ មន្ត្រីយោធារដ្ឋាភិបាលម្នាក់បាននិយាយថា យ៉ាងហោចណាស់កម្លាំងទាហានរដ្ឋាភិបាល ៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដែលធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូធី នៅក្នុងខេត្តឡាស់ ភាគខាងត្បូងប្រទេសកាលពីថ្ងៃអាទិត្យ។
មន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា “ក្រុមយុទ្ធជនហ៊ូធីជាច្រើននាក់បានវាយប្រហារទ្រង់ទ្រាយធំ និងបានចាប់ខ្លួនទាហានគាំទ្ររដ្ឋាភិបាលដែលមិនប្រុងប្រយ័ត្ននៅក្បែរព្រំដែនរវាងខេត្តឡាស់ និងខេត្តបាយដា។”
លោកបាននិយាយថា អ្នកវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីបានគ្រប់គ្រងទីតាំងយោធា ដោយបានសម្លាប់ទាហានគាំទ្ររដ្ឋាភិបាលយ៉ាងហោចណាស់ ៨នាក់ និងបង្ករបួសស្នាមដល់មនុស្ស ១៥នាក់ផ្សេងទៀតនៅក្នុងតំបន់នោះ។
មន្ត្រីយោធា និងកម្លាំងគាំទ្ររដ្ឋាភិបាលនៅក្នុងទីក្រុងឡាស់បញ្ជាក់អំពីចំនួនអ្នកស្លាប់ និងបាននិយាយថា កម្លាំងគាំទ្ររដ្ឋាភិបាលបានតបតវិញដោយបានសម្លាប់ក្រុមឧទ្ទាមហ៊ូធី ១០នាក់ និងជាច្រើននាក់ទៀតរងរបួស។
ការវាយប្រហារចុងក្រោយនេះបានសាកល្បងកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយអង្គការសហប្រជាជាតិនាពេលថ្មីៗនេះដើម្បីកាត់បន្ថយភាពតានតឹងរវាងក្រុមឧទ្ទាមហ៊ូធី និងរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន។
រដ្ឋាភិបាលប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូធីបានចូលរួមក្នុងកិច្ចចរចាជាច្រើនលើក ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ប៉ុន្តែនៅតែមិនទាន់ទទួលបានដំណោះស្រាយដ៏ទូលំទូលាយនៅឡើយទេ។
ការប្រយុទ្ធគ្នាជាបន្តបន្ទាប់រវាងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធីនៅបន្តកើតមាន ក្នុងតំបន់ផ្សេងៗនៃប្រទេសអារ៉ាប់ដែលរងការហែកហួរដោយសង្រ្គាម។
គួររំលឹកផងដែរថា ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ ដោយក្រុមឧទ្ទាមហ៊ូធីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយេម៉ែន។
កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះក្នុងការគាំទ្រដល់រដ្ឋា
ភិបាលយេម៉ែនកាលពីឆ្នាំ២០១៥៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣