ប្រទេសភូមា៖ យោងតាមក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលបានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍វាយប្រហារដោយអាវុធធន់ធ្ងន់នៅរដ្ឋស្ហាន ភាគខាងកើតប្រទេសភូមាកាលពីថ្ងៃពុធនេះ។
ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលបានបន្ថែមថា ការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃដែលធ្វើឡើងដោយកងទ័ពរំដោះជាតិតាអាំង ដែលហៅកាត់ថា (TNLA) បានវាយប្រហារទៅលើភូមិណេនផាកការ នៃតំបន់ប្រជុំជនខាត់ខៃ នៅភាគខាងជើងរដ្ឋស្ហាន កាលពីថ្ងៃពុធម៉ោងប្រមាណជា ១០:៣០នាទី ម៉ោងក្នុងតំបន់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ជនរងគ្រោះជាស្ត្រី អាយុ ១៦ឆ្នាំស្លាប់បាត់បង់ជីវិត ចំណែកឯស្ត្រីម្នាក់ និងបុរស ៣នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូរទៅខាត់ខៃ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាដើម្បីព្យាបាល។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីសន្តិសុខកំពុងចាត់វិធានការចាំបាច់ដើម្បីពង្រឹងសន្តិសុខនៃអាណាខេត្ត និងការគ្រប់គ្រងក្នុងតំបន់នោះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣