ប្រទេសកេនយ៉ា៖ យ៉ាងហោចណាស់មន្ត្រីប៉ូលិសកេនយ៉ា ២នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះតាមដងផ្លូវកាលពីថ្ងៃអាទិត្យនៅភាគឦសានប្រទេសកេនយ៉ា។
ប៉ូលិសបាននិយាយថា ក្រុមមន្ត្រីអង្គភាពប្រតិកម្មរហ័សកំពុងបំពេញកាតព្វកិច្ចល្បាតចេញពីទីក្រុងអារ៉ាបៀទៅកាន់ទីក្រុងម៉េនឌឺរ៉ានៅក្បែរព្រំដែនប្រទេសសូម៉ាលី ជាកន្លែងដែលពួកគេរងការវាយប្រហារដោយគ្រឿងផ្ទុះកែច្នៃ។
អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្នុងតំបន់ ដោយអ្នករងរបួស ២នាក់ក្នុងចំណោមពួកគេស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ការវាយប្រហារភេរវកម្មថ្មីៗបានកើតឡើងជាញឹកញាប់នៅតំបន់ព្រំដែនប្រទេសកេនយ៉ា និងប្រទេសសូម៉ាលី ចាប់តាំងពីពេលដែលទាហានកេនយ៉ាឆ្លងព្រំដែនចូលប្រទេសសូម៉ាលីដើម្បីប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបក្នុងពីឆ្នាំ២០១១។
ការវាយប្រហារថ្មីៗនេះបានបង្ខំឱ្យរដ្ឋាភិបាលកេនយ៉ាផ្អាកផែនការបើកព្រំដែនឡើងវិញរវាងប្រទេសកេនយ៉ា និងសូម៉ាលី៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២៣