ប្រទេសប៉ាឡេស្ទីន៖ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទអំពីការចាប់ខ្លួនក្រុមសកម្មប្រយុទ្ធហាម៉ាស៣នាក់ដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងវាយប្រហារលើកម្លាំងអ៊ីស្រាអែល ក្នុងពេលធ្វើប្រតិបត្តិការលបវាយឆ្មក់មួយនៅតំបន់វ៉េសបេង។
ប្រតិបត្តិការលបវាយឆ្មក់ ដែលធ្វើឡើងនៅភាគខាងជើងទីក្រុងចេនីននៃតំបន់វ៉េសបេងកាលពីថ្ងៃចន្ទ មានការចូលរួមពីរថយន្តយោធាមិនតិចជាង ៤០គ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលជាហេតុបង្កឱ្យមានការប្រយុទ្ធគ្នារវាងកម្លាំង
អ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនក្នុងតំបន់។ យោងតាមភ្នាក់ងារសារព័ត៌មានដាប់បែលយូរអេអេហ្វអេបានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤នាក់រងរបួស។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីភ្នាក់ងារសន្តិសុខស្ហីន បេត។
អ្នកនាំពាក្យបាននិយាយថា “ កម្លាំងទ័ពបានចាត់ទុកលោកអាប់ដាឡាស់ ហាស់សាន មូហាមេដ ហ្សូបាស់ថាជា ប្រតិបត្តិករហាម៉ាសជាន់ខ្ពស់ ហើយលោកមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងបាញ់គ្រាប់រ៉ូកែតចេញពីតំបន់វ៉េសបេងទៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ អ្នកវាយប្រហារ២នាក់ផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ និងការវាយប្រហារបំផ្ទុះគ្រឿងផ្ទុះកែច្នៃជាច្រើន រួមទាំងការបង្កើនសកម្មភាពវាយប្រហារភេរវកម្ម។”
ប្រតិបត្តិការនេះត្រូវបានគេចាត់ទុកថាជាការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់កម្លាំងអ៊ីស្រាអែលទៅលើទីក្រុងចេនីន ចាប់តាំងពីមានប្រតិបត្តិការមួយនៅជំរំជនភៀសខ្លួនចេនីនដែលមានប្រជាជនច្រើនកុះករកាលពីថ្ងៃទី៣ និងទី៤ ខែកក្កដា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់។
ការលបវាយឆ្មក់ជាញឹកញាប់របស់កម្លាំងអ៊ីស្រាអែលនៅតំបន់វ៉េសបេងដែលបង្កឱ្យជនជាតិប៉ាឡេស្ទីនជាច្រើននាក់បាត់បង់ជីវិត បានក្លាយជាប្រធានបទនៃភាពតានតឹងដែលកំពុងកើតមានក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ។ កម្លាំងអ៊ីស្រាអែលបានអះអាងថា សកម្មភាពទាំងនេះគឺមានភាពចាំបាច់ដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ។
គួររំលឹកផងដែរថា កម្លាំងអ៊ីស្រាអែលដណ្តើមបានតំបន់វ៉េសបេងមកកាន់កាប់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ឆ្នាំ១៩៦៧ និងបានបន្តការត្រួតត្រាតំបន់នោះចាប់តាំងពីពេលនោះមក បើទោះបីជាមានមតិរិះគន់ជាច្រើនពីអន្តរជាតិក៏ដោយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣