ប្រទេសសូម៉ាលី៖ កម្លាំងវរជននៃកងកម្លាំងទ័ពជាតិសូម៉ាលីហ្គ័រហ្គ័របានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមិនតិចជាង ២០នាក់ និងបានបង្ករបួសដល់ក្រុមសកម្មប្រយុទ្ធផ្សេងទៀត កាលពីព្រឹកថ្ងៃអាទិត្យក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហាន និងក្រុមសកម្មប្រយុទ្ធ នៅមូលដ្ឋានយោធាក្នុងស្រុកអាដេហ្កូល ភាគខាងត្បូងប្រទេសសូម៉ាលី។
លោកអាដាឡាបាននិយាយថា លោកអាប់ឌៀរ៉ាម៉េន យូសូហ្វ អាល់អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានប្រាប់ភ្នាក់ងារព័ត៌មានថា កងទ័ពក្លាហានបានឆ្លើយតបយ៉ាងរហ័ស និងបានបង្ក្រាបការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបនៅមូលដ្ឋានយោធា។ “កម្លាំងទ័ពជាតិសូម៉ាលីបានចាត់វិធានការណ៍យ៉ាងរហ័សប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបដែលបានប៉ុនប៉ងដើម្បីវាយប្រហារលើមូលដ្ឋានយោធានៅក្នុងស្រុកអាដហេហ្គលក្នុងតំបន់ឡូវើរស្ហារប៊ែលកាលពីព្រឹកថ្ងៃអាទិត្យ។ ក្រុមភេរវករបានបន្សល់នូវសាកសព ២០នាក់នៅកន្លែងកើតហេតុ។ កម្លាំងរបស់យើងថែមទាំងបានរកឃើញអាវុធជាច្រើនដើមក្នុងពេលធ្វើប្រតិបត្តិការ ”។
លោកមិនបានបញ្ជាក់ថាតើភាគីកម្លាំងទ័ពជាតិសូម៉ាលីមានអ្នករងរបួសឬមិនមាននោះទេក្នុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវនោះ។ ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយ ដោយបាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេបានសម្លាប់ទាហាន ៥៩នាក់ ក្នុងនោះមានទាំងមេបញ្ជាការជាច្រើននាក់ ហើយថែមទាំងបានគ្រប់គ្រងលើមូលដ្ឋានផងដែរ។
ក្រុមភេរវជនសម្ព័ន្ធមិត្តនៃក្រុមសកម្មប្រយុទ្ធអាល់កៃដា ជាធម្មតាបានបំប៉ោងតួលេខចំនួនជនរងគ្រោះក្នុងពេលប្រយុទ្ធគ្នាជាមួយកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ការវាយប្រហារនៅតែបន្តកើតមាននៅទូទាំងប្រទេសសូម៉ាលី បើទោះបីជាកម្លាំងសន្តិសុខគាំទ្រដោយកម្លាំងសម្ព័ន្ធមិត្តបានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក៏ដោយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣