ប្រទេសកេនយ៉ា៖ ក្រុមមន្ត្រីបានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ទាហានកេនយ៉ា ១០នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះតាមដងផ្លូវនៅតំបន់ឡាមូ ដែលស្ថិតនៅតាមបណ្តោយឆ្នេរខាងជើងនៃប្រទេសកេនយ៉ាកាលពីថ្ងៃអាទិត្យ។
កម្លាំងការពារកេនយ៉ា ដែលហៅកាត់ថា (KDF) បានថ្កោលទោសការវាយប្រហារក្នុងតំបន់ប៉ូរេ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនោះទេ។
មន្ត្រីសន្តិសុខម្នាក់បាននិយាយថា ទាហាន ១០នាក់ត្រូវបានសម្លាប់ និងទាហាន ៤នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដែលកំពុងបំពេញកាតព្វកិច្ចល្បាតរបស់ពួកគេបានបើកបរលើគ្រឿងផ្ទុះកែច្នៃ នៅតាមដងផ្លូវម៉ីលីម៉ានី ប៉ៅអ័រ។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បុគ្គលិក ១០នាក់នៅលើរថយន្តត្រូវបានសម្លាប់នៅទីតាំងកើតហេតុ និងអ្នករងរបួសផ្សេងទៀតស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ មន្ត្រីបាននិយាយថា “ស្ថានភាពទាហានរងរបួសគឺធ្ងន់ធ្ងរ ហើយការផ្ទុះបានបំផ្លាញរថយន្ត”។
ក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃចន្ទក្នុងទីក្រុងណៃរ៉ូប៊ីមានខ្លឹមសារថា កម្លាំងការពារកេនយ៉ាបានថ្កោលទោសឧបទ្វហេតុនេះ ដោយបានបញ្ជាក់ថា ឧក្រិដ្ឋកម្មទាំងនេះបានរំខានដល់ការរស់នៅរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ រួមទាំងបំផ្លាញស្ថិរភាពសេដ្ឋកិច្ចសង្គមក្នុងតំបន់។
ខាងយោធាបាននិយាយថា “កម្លាំងការពារបានអំពាវនាវឱ្យប្រជាជនក្នុងតំបន់ចែករំលែកព័ត៌មានជាមួយភ្នាក់ងារសន្តិសុខពីវត្តមានសមាជិកឧក្រិដ្ឋកម្មដែលលាក់ខ្លួនក្នុងសហគមន៍របស់ពួកគេ។” តំបន់ឡាមូបានស្ថិតក្នុងការយកចិត្តទុកដាក់បន្ថែមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែកំណើននៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធដែលបណ្តាលឱ្យមន្ត្រីសន្តិសុខ និងជនស៊ីវិលជាច្រើននាក់ស្លាប់។
បុគ្គលិកសន្តិសុខជឿជាក់ថា មានសមាជិកក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាបសកម្មនៅក្នុងតំបន់ដែលបានវាយប្រហារទៅលើកម្លាំការពារនៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារមួយផ្សេងគ្នាដែលបណ្តាលឱ្យកម្មករសំណង់ ២នាក់រងរបួសធ្ងន់កាលពីថ្ងៃទី៩ ខែកញ្ញា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣