ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយនិយាយថា មន្ត្រីហាម៉ាសម្នាក់នោះជាអ្នកទទួលបន្ទុកលើការវាយប្រហារដោយគ្រាប់រ៉ូកែតប្រឆាំងនឹងអ៊ីស្រាអែល។
អ្នកនាំពាក្យយោធា លោក ដាញែល ហាការ៉ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានកម្ចាត់លោក ហាសសាន អាកាស្ហា នៅក្នុងទីក្រុង បៀត ជេន នៅភាគខាងត្បូងប្រទេសស៊ីរី។ គាត់ជាឥស្សរជនសំខាន់ដែលទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ូកែតរបស់ក្រុមហាម៉ាចេញពីទឹកដីនៃប្រទេសស៊ីរីឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។”
ទាហានអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀតថា ពួកគេនឹងមិន
អនុញ្ញាតិឱ្យមានភេរវករចេញពីទឹកដីស៊ីរីឡើយ ហើយប្រទេសស៊ីរីជាអ្នកទទួលខុសត្រូវចំពោះ សកម្មភាពទាំងឡាយណាដែលចេញពីទឹកដីរបស់ខ្លួន។
ការសម្លាប់បានកើតឡើងចំពេលមានជម្លោះដ៏សាហាវរវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកើតឡើងនៅក្នុងហ្កាហ្សាស្ទ្រីបដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងអ៊ីស្រាអែលបានសម្លាប់លោក វ៉ីសសាម ហាសាន ថាវីល ដែលជាមេបញ្ជាការជាន់ខ្ពស់នៃកម្លាំងវីរជនរ៉ាដវ៉ាន របស់ក្រុមហេបូឡា នៅក្នុងប្រទេសលីបង់។ កម្លាំងអ៊ីស្រាអែលមិនទាន់បញ្ចេញមតិចំពោះហេតុការណ៍នេះទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤