ប្រទេសកុងហ្គោ៖ អង្គការសង្គមស៊ីវិលមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោយណាស់មនុស្ស១២នាក់ស្លាប់ និង១៦នាក់ត្រូវបានចាប់ខ្លួនដោយក្រុមឧទ្ទាមដែលហេតុការណ៍នេះកើតឡើងនៅទីតាំងរុករករ៉ែមួយកន្លែងនៅភាគខាងកើតប្រទេសកុងហ្គោ។
ក្រុមឧទ្ទាមមកពីក្រុមប្រដាប់អាវុធកូដេកូ (CODECO) បានវាយប្រហារនៅទីតាំងអណ្តូងរ៉ែមាសកាលពីថ្ងៃពុធ ដែលស្ថិតនៅជិតស្រុកឌីជូហ្គូ ក្នុងខេត្តអ៊ីទូរី នេះបើយោងតាមសម្តីរបស់លោក វីតាល់ តុនគូលូ (Vital Tungulo) ប្រធានក្រុមម៉ាបេនឌី ដែលជាក្រុមសិទ្ធិមនុស្សក្នុងតំបន់នោះ។ លោកបាននិយាយថា “យើងខឹងនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ“។ គួរបញ្ជាក់ផងដែរថា អំពើហឹង្សាកំពុងកើនឡើងនៅទូទាំងភាគខាងកើតប្រទេសកុងហ្គោ ដែលជាទីតាំងនៃជម្លោះផ្ទុះឡើងជាច្រើនទសវត្សរ៍មកហើយ។ ក្រុមប្រដាប់អាវុធប្រមាណជាជាង១២០ក្រុមកំពុងប្រយុទ្ធគ្នានៅក្នុងតំបន់នេះដែលភាគច្រើនគឺដើម្បីដណ្តើមដីធ្លី និងគ្រប់គ្រងដីរ៉ែដែលមានសារធាតុរ៉ែដ៏មានតម្លៃ ខណៈដែលក្រុមខ្លះព្យាយាមការពារសហគមន៍របស់ពួកគេ៕
ប្រភព AP ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
បកប្រែដោយ ឱក សុវណ្ណារ័ត្ន