ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស កាលពីថ្ងៃចន្ទបានយល់ព្រមយល់ព្រមលើសំណើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាពីក្រុមអ្នកសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌមិនឆ្លើយតបទៅនឹងការទាមទាររបស់ខ្លួន ហើយបានជំរុញឲ្យវាយប្រហារនៅក្នុងទីក្រុងរ៉ាហ្វា ខណៈដែលធ្វើផែនការដើម្បីបន្តការចរចាលើកិច្ចព្រមព្រៀងមួយ។
ការវិវឌ្ឍន៍នៅក្នុងសង្គ្រាមរយៈពេល៧ខែបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុងរ៉ាហ្វា ភាគខាងត្បូងរបស់ហ្គាហ្សា តាមអាកាស និងតាមផ្លូវគោក ព្រមទាំងចេញបញ្ជាឲ្យអ្នកស្រុកចាកចេញពីផ្នែកខ្លះនៃទីក្រុង ដែលជាជម្រកសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនជាងមួយលាននាក់។
ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រមុខរបស់ខ្លួនគឺលោក អ៊ីស្មែល ហានីយ៉េ បានជូនដំណឹងដល់អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីបថា ក្រុមនេះបានទទួលយកសំណើរបស់ពួកគេចំពោះបទឈប់បាញ់គ្នា។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតាន់យ៉ាហ៊ូ បាននិយាយនៅពេលក្រោយថា សំណើបទឈប់បាញ់នេះមិនដូចការទាមទាររបស់អ៊ីស្រាអែលទេ ប៉ុន្តែអ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅជួបជាមួយក្រុមអ្នកចរចា ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀង។
ក្រសួងការបរទេសកាតាបាននិយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅកាន់ទីក្រុងគែរនៅថ្ងៃអង្គារ ដើម្បីបន្តការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕
ប្រភព Reuters ចុះផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤