កងទ័ពអាម៉េរិក និងហ្វីលីពីនបាញ់ពន្លិចនាវាក្នុងពេលសមយុទ្ធទ្រង់ទ្រាយធំនៅដែនទឹកដែលមានជម្លោះ សមុទ្រចិនខាងខាងត្បូង

0

ទីក្រុង Laoag៖ កងទ័ពអាមេរិក និងហ្វីលីពីន ដែលគាំទ្រដោយយន្តហោះស៊ើបការណ៍របស់កងទ័ពអាកាសអូស្ត្រាលី បានបាញ់​គ្រាប់​រ៉ូកែត​ បាញ់ផ្លោងគ្រាប់កាំភ្លើងធំ និងវាយប្រហារតាមអាកាសកាលពីថ្ងៃពុធនេះ ហើយបានសាកល្បងបាញ់ពន្លិចកប៉ាល់សត្រូវ ដែលជាផ្នែកនៃសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំ ហើយដែលការបាញ់បន្លិចនេះធ្វើឡើងនៅជិតដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះជាមួយនឹងទី​ក្រុង​ប៉េកាំង។​

មន្ត្រីយោធា និងមន្ត្រីការទូតមកពីប្រទេសជាច្រើនបានទស្សនាការបង្ហាញសក្តានុពលនៃអាវុធក្នុងពេលធ្វើសមយុទ្ធពីលើកំពូលភ្នំតាមឆ្នេរខ្សាច់នៃទីក្រុងឡូវ៉ាក (Laoag) ក្នុងខេត្តភាគខាងជើងដែលជាស្រុកកំណើតរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេរ។

បុគ្គលិកយោធាប្រមាណជាជាង ១៦.០០០នាក់ ដែលមកពីភាគីអាមេរិក និងហ្វីលីពីន រួមជាមួយនឹងទាហានអូស្ត្រាលីពិរបីរយនាក់ និងអ្នកសង្កេតការណ៍យោធាមកពី ១៤ប្រទេស ចូលរួមក្នុងពិធីសមយុទ្ធដើម្បីត្រៀមខ្លួនប្រយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា “បាលីកាតាន” ជាភាសារតាកាឡុក ដែលមានអត្ថន័យថា “សាមគ្គីជាធ្លុងមួយ”។ សមយុទ្ធនេះចាប់ផ្តើមនៅថ្ងៃទី២២ ខែមេសា និងបញ្ចប់នៅថ្ងៃសុក្រខាងមុខនេះដោយបានបញ្ចូលសេណារីយ៉ូនៃការវាយលុកលុយឈ្លានពានរបស់បរទេសមកលើប្រជុំកោះហ្វីលីពីនផងដែរ។

នេះជាសញ្ញា​ចុងក្រោយ​បង្អស់ដែលបង្ហាញអំពី​របៀប​ដែល​សហរដ្ឋ​អាមេរិក និងហ្វីលីពីនបានពង្រឹងសម្ព័ន្ធភាពសន្ធិសញ្ញាការពារជាតិ ដែលសន្ធិសញ្ញានេះបានចាប់ផ្តើមកាលពីទសវត្សរ៍ឆ្នាំ១៩៥០ ចំពេលដែលពួកគេមានក្តីបារម្ភក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជុំវិញ​នឹងសកម្មភាព​ឈ្លានពាន​របស់​ចិនកាន់តែកើនឡើងនៅក្នុងដែនដីដែលមានជម្លោះក្នុងទ្វិបអាស៊ី៕

ប្រភព AP ចុះផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here