រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលថ្លែងថាកាលពីថ្ងៃច័ន្ទ កងទ័ពនឹងពង្រីកប្រតិបត្តិការរបស់ខ្លួនក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងហ្គាហ្សា ខណៈប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានប្រកាសថា លោកកំពុងស្វែងរកដីកាចាប់ខ្លួនទាំងមេដឹកនាំអ៊ីស្រាអែល និងមេដឹកនាំហាម៉ាស់ទាំង ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងអំឡុងពេលសង្គ្រាមរយៈពេល៧ខែកន្លងទៅនេះ។
លោករាជអាជ្ញា ខារិន ខាន់ និយាយថា គាត់ជឿជាក់ថាលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតានយ៉ាហ៊ូ លោករដ្ឋមន្រ្តីការពារជាតិ យ៉ូអាវ កាល្លង់ និងមេដឹកនាំហាម៉ាស់បីនាក់ទៀត គឺលោក យ៉េហ្សៀ ស៊ីនវ៉ា លោក មូហាម៉េដ ឌីវ និងលោក អ៊ីសម៉ាអ៊ីល ហានីយ៉ា គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងតំបន់ហ្សាហ្គាស្ត្រីប និងអ៊ីស្រាអែល។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតហ្ស និងមេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាស់ម្នាក់ៗបាននិយាយបរិហារវិធានការណ៍ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក សូលីវ៉ាន់ បានជួបប្រជុំជាមួយលោក កាល្លង់ និងថ្នាក់ដឹកនាំទាហានអ៊ីស្រាអែលនៅទីក្រុងតែលអាវីវ កាលពីថ្ងៃច័ន្ទមុន។ ដំណើរទស្សនៈកិច្ចរបស់លោក សូលីវ៉ាន់ ធ្វើឡើងមុន២សប្តាហ៍នៃការវាយលុករបស់យោធាចូលទីក្រុងរ៉ាហ្វាដែលជាកន្លែងកងទ័ពបាននិងកំពុងប្រយុទ្ធគ្នាជាមួយក្រុមយុទ្ធជនហាម៉ាស និងការទម្លាក់គ្រាប់បែក។
រដ្ឋបាលលោក បៃឌិន ប្រឆាំងនឹងការឈ្លានពាននៅពាសពេញទីក្រុងរ៉ាហ្វាដោយសារភាពផ័យខ្លាចរបស់ប្រជាជនស៊ីវិល។ រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលបានធ្វើប្រតិបត្តិការនៅភាគខាងកើតនៃទីក្រុងនេះ ប៉ុន្តែការវាយប្រហារនេះបានបង្កឲ្យមានការជម្លៀសប្រជាជនប៉ាឡេស្ទីនប្រមាណជាជាង ៨១០.០០០នាក់រួចទៅហើយ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤