ទីក្រុងរុងគែរ៖ ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយយេម៉ែនបានអះអាងកាលពីថ្ងៃអង្គារថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកលើតំបន់អារ៉ាប់។ ក៏ប៉ុន្តែយោធាអាមេរិកមិនបានទទួលស្គាល់ការអះអាងនេះភ្លាមៗទេ។
ប្រសិនបើមានការបញ្ជាក់ នេះនឹងក្លាយជាយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ទីពីរដែលត្រូវបានទម្លាក់ដោយក្រុមហ៊ូធី នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែលពួកគេធ្វើយុទ្ធនាការរបស់ពួកគេជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមឧទ្ទាមហ៊ូធីបានអះអាងពីការទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកពីលើខេត្តម៉ារីប ប៉ុន្មានម៉ោងបន្ទាប់ពីវីដេអូបានផ្សព្វផ្សាយតាមអ៊ីនធឺណិតអំពីអ្វីដែលហាក់ដូចជាបំណែកនៃយន្តហោះ MQ-9 Reaper ។ ហើយនៅព្រឹកថ្ងៃសៅរ៍ កប៉ាល់មួយគ្រឿងក៏បានរងការវាយប្រហារនៅសមុទ្រក្រហមផងដែរ។
អ្នកនាំពាក្យយោធាហ៊ូធី ឧត្តមសេនីយ៍ យ៉ាយ៉ា សារី បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលដែលផលិតក្នុងស្រុក។ លោកមិនបាននិយាយថាវាកើតឡើងនៅពេលណានោះទេ ប៉ុន្តែបានចោទថាយន្តហោះគ្មានមនុស្សបើកនោះ «កំពុងបំពេញបេសកកម្មជាអរិភាព» លើខេត្តបាយដាភាគខាងត្បូងប្រទេសយេម៉ែន។
ទីបញ្ជាការកណ្តាលដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Associated Press ទាក់ទងនឹងឧប្បត្តិហេតុនេះទេ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីសង្រ្គាមស៊ីវិលរបស់ប្រទេសយេម៉ែនបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ូធី បានដណ្តើមកាន់កាប់ភាគខាងជើងរបស់ប្រទេស និងរដ្ឋធានីសាណា យោធាសហរដ្ឋអាមេរិកបានបាត់បង់យន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ៥គ្រឿងដោយសារពួកឧទ្ទាម៕
ប្រភព AP ចុះផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤