ប្រទេសភូមា៖ ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរបស់ប្រទេសភូមាបានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ថា ហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅសាលាបឋមសិក្សាមួយកន្លែងក្នុងតំបន់ថាណាញធារី ភាគខាងត្បូងប្រទេសភូមា បណ្តាលឲ្យក្មេងម្នាក់ស្លាប់ និងបង្ករបួសដល់មនុស្ស២៣នាក់។
យោងតាមរបាយការណ៍បានបង្ហាញថា ហេតុការណ៍ផ្ទុះកើតឡើងនៅម៉ោងប្រមាណជា ២:៤០នាទីរសៀល កាលពីថ្ងៃអង្គារ ក្នុងតំបន់ទីប្រជុំជនដាវៃ នៃតំបន់ថាណាញធារី។
ក្នុងពេលសម្អាតបរិវេណសាលា សិស្សមួយក្រុមបានប្រទះឃើញគ្រាប់បែកមួយគ្រាប់ ដែលក្រុមភេរវករបន្សល់ទុកកាលពីពេលវាយប្រហារលើកមុន ហើយពួកគេបានយកគ្រាប់បែកនោះប្រគល់ទៅឲ្យគ្រូបង្រៀន។ ប៉ុន្តែចៃដន្យគ្រាប់បែកបានធ្លាក់ចុះ ហើយផ្ទុះឡើងបណ្តាលឲ្យសិស្សម្នាក់ស្លាប់ និងបង្ករបួស្នាមដល់សិស្ស២២នាក់ព្រមទាំងអាណាព្យាបាលសិស្សម្នាក់។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងតំបន់នោះដើម្បីព្យាបាល។ ក្រុមព័ត៌មានបន្ថែមថា កម្លាំងសន្តិសុខបានសម្អាតគ្រាប់មីនចេញពីបរិវេណសាលារួចរាល់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤