ប្រទេសលីបង់៖ យោធាលីបង់ប្រាប់អ្នកយកព័ត៌មានថា សមាជិកហេបូឡា២នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់គ្រាប់មីស៊ីល ៣គ្រាប់ទៅលើម៉ូតូមួយគ្រឿងនៅលើផ្លូវតភ្ជាប់តំបន់ណាឃួរ៉ា ទៅកាន់តំបន់ថាយអ័រ ភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហារតាមអាកាសនេះធ្វើឲ្យម៉ូតូមួយគ្រឿងឆេះយ៉ាងសន្ធៅ បណ្តាលឲ្យអ្នកជិះ២នាក់ស្លាប់ក្នុងនោះមានម្នាក់ជាសមាជិកក្រុមហេបូឡា។
ប្រភពបន្ថែមថា នៅក្នុងហេតុការណ៍ដោយឡែកមួយទៀត យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែល បានបាញ់គ្រាប់មីស៊ីល២គ្រាប់ទៅលើរថយន្តដឹកឥវ៉ាន់ នៅច្រកចូលខាងលិចទៅកាន់ភូមិលីបបាយ៉ា ភាគខាងកើតប្រទេសលីបង់ បណ្តាលឱ្យសមាជិកហេបូឡា៣នាក់រងរបួស។
ក្រុមហេបូឡាបានប្រកាសថា ពួកគេបានវាយប្រហារលើទីតាំងចំនួន១៤របស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
ទ័ពអាកាសអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរយៈពេល៤ថ្ងៃកន្លងមកដែលការវាយប្រហារមានចំនួនលើសពី១៥លើកក្នុងមួយថ្ងៃ។ ការវាយប្រហារទាំងនេះបានកំណត់គោលដៅលើទីប្រជុំជនទាំង១០ទីតាំង និងភូមិមួយចំនួនដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសលីបង់ និងភូមិដាច់ស្រយាល៤ផ្សេងទៀតដែលស្ថិតនៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់។
ជាការឆ្លើយតប ក្រុមហេបូឡាបានបើកការវាយប្រហារជាច្រើនលើកដោយប្រើយន្តគ្មានមនុស្សបើក និងគ្រាប់មីស៊ីលជាច្រើនគ្រាប់ សំដៅទៅលើទីបញ្ជាការ ទីតាំងកាំភ្លើងធំ និងរថពាសដែកអ៊ីស្រាអែលនៅតាមព្រំដែន និងក្នុងតំបន់ហ្គូលេនហាយដែលគ្រប់គ្រងដោយប្រទេសស៊ីរី៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤