រដ្ឋប៉ាឡេស្ទី៖ តាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំ អាលបួររេច នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ក្នុងថ្ងៃទីមួយនៃថ្ងៃបុណ្យ អ៊ីដ អាល អាដហា។
ការវាយប្រហារតាមអាកាសកំណត់សំដៅទៅលើផ្ទះប្រជាជន ២ខ្នង បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ដែលក្នុងនោះមានក្មេង៦នាក់ ចំណែកឯមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសហើយបន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនេះបើតាមសម្តីរបស់គ្រូពេទ្យសុំមិនបញ្ចេញឈ្មោះប្រាប់មកភ្នាក់ងារសារព័ត៌មាន។
បើតាមអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សាបាននិយាយថា គិតមកដល់ត្រឹមថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ជនជាតិប៉ាឡេស្ទីនដែលស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនដល់ ៣៧ ៣៣៧នាក់ និងរងរបួស ៨៥ ២៩៩នាក់។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក អាវិឆៃ អាដ្រេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ថាការប្រយុទ្ធគ្នាបន្តកើតឡើងនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងនោះមានទាំងទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាស្សា។ លោកបញ្ជាក់ថា ផ្លូវដែលទំនិញឆ្លងកាត់បើកនៅពេលថ្ងៃសម្រាប់តែការដឹកជញ្ជូនជំនួយមនុស្សធម៌តែប៉ុណ្ណោះ។
អ៊ីស្រាអែលបើកប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសឆ្លងកាត់ភាគខាងត្បូងព្រំដែនអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៣