ប្រទេសលីបង់៖ យោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស៣នាក់ស្លាប់ និង២នាក់រងរបួសនៅថ្ងៃព្រសហ្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយការវាយប្រហារតាមអាកាសទៅលើតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។
តាមប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់គ្រាប់មីស៊ីល៦គ្រាប់ទៅភាគខាងត្បូងភូមិឃេមសម្លាប់សមាជិកហេបូឡា និងបង្ករបួសស្នាមដល់ជនស៊ីវិល២នាក់។
នៅក្នុងហេតុការណ៍ដោយឡែកមួយផ្សេងទៀត យន្តហោះគ្មានមនុស្សបើកបានបាញ់គ្រាប់មីស៊ីល៤គ្រាប់ទៅលើរថយន្តមួយគ្រឿង នៅក្នុងស្រុកថាយ ភាគនិរតីប្រទេសលីបង់សម្លាប់មន្ត្រីហេបូឡាម្នាក់មានឈ្មោះថា អាបាស់ អ៊ីប្រាហ៊ីម ហាមហ្សា ហាម៉ាដា ដែលជាមេបញ្ជាការនៅភាគខាងលិចនៃតំបន់ព្រំដែន។
ប្រភពបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានវាយឆ្មក់លើរថយន្តជនស៊ីវិល មួយគ្រឿងនៅភូមិហោម៉ាញក្នុងស្រុកណាប៉ាធៀតបណ្តាលឲ្យអ្នកបើករថយន្តឈ្មោះ ហាឌី ចូម៉ា ស្លាប់ ដែលឪពុករបស់គាត់ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហេបូឡា។
គួររំលឹកផងដែរថា ភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល កើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហេបូឡាបាញ់គ្រាប់រ៉ូកែតទៅលើកងកម្លាំងអ៊ីស្រាអែល រួមទាំងមានការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលមុនមួយថ្ងៃ។ បន្ទាប់មក អ៊ីស្រាអែលបានសងសឹកវិញដោយការបាញ់កាំភ្លើងធំទៅភាគអាគ្នេយ៍ប្រទេសលីបង់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤