ទីក្រុងគូឡាឡាំពួរ៖ ប៉ូលិសក្នុងប្រទេសម៉ាឡេស៊ីបានឃាត់ខ្លួនមនុស្ស៨នាក់ដែលជាប់សង្ស័យថាមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបានរារាំងការគំរាមកំហែងដែលអាចកើតមានឡើងចំពោះលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ព្រះមហាក្សត្រ និងឥស្សរជនផ្សេងទៀត នេះបើយោងតាមរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយហ្វុដឌីន ណាស៊ុសិន បាននិយាយថា បុរស ៦នាក់ និងស្ត្រី ២នាក់ដែលមានអាយុចន្លោះពី២៥ទៅ៧០ឆ្នាំត្រូវបានឃុំខ្លួនដោយមិនកាត់ទោសនៅរដ្ឋចំនួន៤ក្នុងពេលប្រតិបត្តិការរបស់ប៉ូលិសកាលពីចុងសប្តាហ៍នេះ។ ការចាប់ខ្លួនពួកគេទាំងនោះបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការជាច្រើនលើកក្នុងខែឧសភា ដោយលោកបន្ថែមទៀតថាអ្នកជាប់ឃុំមានដូចជាអតីតសាស្ត្រាចារ្យសាកលវិទ្យាល័យ ស្ត្រីមេផ្ទះ និងកម្មករសំណង់ម្នាក់។
គួរបញ្ជាក់ថាប្រទេសម៉ាឡេស៊ីបានចាត់វិធានការតឹងតែងក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដែលមនុស្សរាប់រយនាក់ជាប់សង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដែលជាប់ពន្ធនាគារក្នុងប្រទេសមុនឆ្នាំ២០២០។ ការចាប់ខ្លួនបែបនេះ គឺកម្រកើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព AP ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤