ប៉ូលិស ១៥នាក់ស្លាប់ ក្នុងការវាយប្រហារនៅភាគខាងត្បូងប្រទេសរុស្សី

0

ប្រទេសរុស្សី៖ មន្ត្រីប៉ូលិសយ៉ាងហោចណាស់ ១៥នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារបន្តបន្ទាប់គ្នានៅភាគខាងត្បូងរដ្ឋដាចេស្ថាន ប្រទេសរុស្សី នេះបើតាមសារព័ត៌មានអាអាយអេណូវូស្ទី ដែលបានស្រង់ព័ត៌មានពីព្រភពអាជ្ញាធរក្នុងតំបន់ដែលរាយការណ៍នៅថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ។

របាយការណ៍ព័ត៌មានបន្ថែមថា ការបាញ់ប្រហារដែលបណ្តាលឱ្យជនស៊ីវិលម្នាក់រងរបួសកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិហារគ្រិស្តអថូដុកចំនួន២កន្លែង សាលប្រជុំសាសនា និងបុស្ត៍ប៉ូលិសចរាចរណ៍នៅក្នុងទីក្រុងឆ្នេសមុទ្រដឺបេន និងទីក្រុងម៉ាខាចកាឡា នៃរដ្ឋដាចេស្ថាន។

លោក សឺហ្គេ មេលីកូវ ប្រមុខរដ្ឋដាចេស្ថានបាននិយាយថា ស្ថានភាពបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង។ ភ្លើងដែលបានឆាបឆេះក្នុងការវាយប្រហារនៅសាលប្រជុំសាសនាក្នុងតំបន់ប្រជុំជនដឺបេន ត្រូវបានពន្លត់។

លោក មេលីកូវ បានសរសេរលើបណ្តាញសង្គមថា អ្នកវាយប្រហារប្រដាប់អាវុធ៦នាក់ត្រូវបានសម្លាប់។ មន្ត្រីអនុវត្តច្បាប់នឹងបន្តតាមប្រមាញ់រកអ្នកដែលបានចូលរួមក្នុងការវាយប្រហារភេរវកម្មទាំងអស់ដើម្បីចាប់ខ្លួន។

គណៈកម្មាធិការស៊ើបអង្កេតរុស្សីបានចាប់ផ្តើមសំណុំរឿងព្រហ្មទណ្ឌលើមាត្រាដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដោយបាញ់ប្រហារ និងរបបប្រតិបត្តិការប្រឆាំងភេរវកម្មក៏ត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋដាចេស្ថាន នេះបើយោងតាមគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។

គួរបញ្ជាក់ផងដែរថា រដ្ឋដាចេស្ថានមានទីតាំងស្ថិតនៅភាគខាងជើងតំបន់ខោឃេសៀនដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែលនិយាយច្រើន​ភាសា និងមាន​ជាតិ​សាសន៍ចម្រុះ​ច្រើនបំផុតនៅក្នុង​ប្រទេស។

ភ្នាក់ងារសាព័ត៌មានតាស់(TASS) បានរាយការណ៍ថា បន្ទាប់ពីមានការវាយប្រហារ លោក​ អាឡិចសាន់ឌឺ បូរ៉ូដា ប្រធានសហព័ន្ធសហគមន៍ជ្វីហ្វនៃប្រទេសរុស្សីបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យឆ្លើយតបចំពោះការបង្កហេតុទាំងឡាយណាដែលអាចជាលទ្ធផលពីការវាយប្រហារនៅរដ្ឋដាចេស្ថាន។

យោងតាមអាជ្ញាធរបានឱ្យដឹងថា គ្រប់កម្មវិធីកម្សាន្តនៅក្នុងទីក្រុងម៉ាខាចកាឡា និងនៅតំបន់ប្រជុំជនដឺបេន ត្រូវបានរំសាយទាំងអស់រហូតទាល់តែមានការជូនដំណឹងជាថ្មី។

តាមស្ថិតិផ្លូវការបង្ហាញថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ភេរវករវាយប្រហារនៅទីតាំងប្រគុំតន្ត្រីក្រូកុសស៊ីធីហលក្នុងទីក្រុងម៉ូស្កូ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារមួយដែលបណ្តាលឱ្យមនុស្ស ១៤៤នាក់ស្លាប់ និង៥៥១នាក់រងរបួស៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here