កងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធា​​​​អ៊ីរ៉ាក់​​​​បាន​​និយាយ​​កាល​​ពី​​ថ្ងៃ​​អាទិត្យ ទី៨ ខែ​កក្កដា ថា កងកម្លាំង​​សន្តិ​សុខ​អ៊ីរ៉ាក់​ចាប់​​ខ្លួន​​​មេដឹក​​នាំ​​ជាន់​ខ្ពស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ការ​​វាយ​​ប្រហារ​​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​​រោង​ចក្រ​​ផលិត​​រថយន្ត​។

យោង​​តាម​​របាយការណ៍​​ចារកម្ម​​បាន​​ឱ្យ​​ដឹ​ង​​ថា យោ​ធា​​អ៊ីរ៉ាក់ និង​​កម្លាំង​​ប៉ូលិស​​បាន​​ឡោម​​ព័ទ្ធជន​​សង្ស័យ​​​ក្នុង​​ប្រតិបត្តិការមួយ ហើយបាន​​​ចាប់​​ខ្លួន​​គាត់​​នៅ​​ក្នុង​​ភូមិ​យូសូហ្វហ្វីយ៉ា ដែល​មាន​ចម្ងាយប្រមាណ​ជា​៣០គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​​ទីក្រុង​បាកដាដ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​​មេ​បញ្ជា​​ប្រតិបត្តិការ​​ក្រុង​បាកដាដ។

នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា ជនសង្ស័យគឺជាអ្នកទទួលបន្ទុកក្នុងផ្នែកផលិតគ្រឿងផ្ទុះក្នុងក្រុមភេរវករ។

យ៉ាង​ណា​មិញ លោក​ឧត្តម​សេនីយ៍ ​សាដ អ៊ី​​ប្រាហ៊ីម ​មក​ពី​ទី​បញ្ជាការ​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ដែល​​ចាប់​ខ្លួន​បាន​គឺ​​ជា​​មេខ្លោង​​ដ៏​​ធំ​​មួយ​​ដែលកង​​កម្លាំង​​សន្តិសុខ​ស្វែងរកតាម​ចាប់​ខ្លួន ដែលគាត់ផលិត​គ្រាប់បែក​​ក្នុង​​រថយន្ត​​ជា​ច្រើន​គ្រាប់ក្នុងគោលបំណងបំផ្ទុះទៅលើ​​កង​កម្លាំង​​សន្តិសុខ និង​​ជន​​ស៊ី​វិល ដែលជាហេតុ​​បណ្តាល​​ឱ្យ​​មនុស្ស​​ស្លាប់ និង​​របួស​​ជា​​ច្រើន​​នាក់ ។

គួរ​រំលឹក​ផង​ដែរ​ថា ស្ថាន​ភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាព​ប្រសើរ​ជាង​មុន ចាប់​តាំងពី​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុង​ឆ្នាំ២០១៧។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​សេស​សល់​សំងំ​លាក់​ខ្លួន​នៅ​តាម​ទីក្រុង តំបន់វាល​ខ្សាច់ និង​តំបន់​ខ្ពង់រាប​ផ្សេង​ទៀត និង​បាន​វាយ​ឆ្មក់​ជា​ញឹកញាប់​មក​លើ​កម្លាំង​សន្តិសុខ និង​ជនស៊ីវិល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here