ប្រទេសអ៊ីរ៉ាក់៖ ប៉ូលិសខេត្តនិយាយថា ជនស៊ីវិល ២នាក់ស្លាប់ និងម្នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងខេត្តសាលាហ៊ូឌីននៅថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) បាញ់ប្រហារទៅលើក្រុមជនស៊ីវិលដែលកំពុងដើរបរបាញ់នៅក្នុងព្រៃក្បែរតំបន់ទីប្រជុំជន អាម័រលី ដែលមានចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាកដាដ នេះបើតាមសម្តីរបស់លោក ខូឡូនេល មូហាមេដ អាល បាហ្ស៊ី មន្ត្រីការិយាល័យផ្សព្វផ្សាយនៃទីបញ្ជាកាប៉ូលិស ក្រុងសាលាហ៊ូឌីន។
លោក អាល បាហ្ស៊ី បាននិយាយថា កម្លាំងសន្តិសុខអ៊ីរ៉ាក់ប្រញាប់ទៅកាន់កន្លែងកើតហេតុ និងបើកប្រតិបត្តិការស៊ើបអង្កេតនៅក្នុងតំបន់ដើម្បីរកអ្នកវាយប្រហារដែលបានរត់គេចខ្លួនចេញពីទីតាំងកើតហេតុ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤