រដ្ឋប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីន ៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងប្រមូលផ្តុំគ្នានៅទីក្រុងខានយូនីសភាគខាងត្បូងតំបន់ហ្កាហ្សា នេះបើតាមជនជាតិប៉ាឡេស្ទីនប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមវេជ្ជសាស្ត្របានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារតាមអាកាសបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ហើយជនរងគ្រោះទាំងអស់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យរដ្ឋាភិបាលណាសឺ។
វីដេអូខ្លីៗជាច្រើនដែលបានចែកចាយនៅលើបណ្តាញសង្គមហ្វេសបុកបង្ហាញថា ជនរងគ្រោះទាំងអស់ដែលក្នុងនោះមានកុមារនិងស្រ្តីជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យតាមរថយន្តជនស៊ីវិល។
កងកម្លាំងអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសឆ្លងកាត់ចូលព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្ករឲ្យមនុស្សប្រមាណជា ១២០០នាក់ត្រូវបានសម្លាប់ និងមនុស្សមិនតិចជាង ២០០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។
បុគ្គលិកសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ថាចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាកើនឡើងរហូតដល់ទៅ ៣៨,៣៤៥ នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤