ប្រទេសតួកគីនឹងបញ្ចប់ប្រតិបត្តិកាយោធានៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ប្រធា​នាធិបតី​តួកគី​លោក រេសេព ថាយ​យ៉ីប អឺរ​ដូ​ហ្កាន បាន​ប្រកាស​កាល​ពី​ថ្ងៃសៅរ៍ ទី​២០ ខែ​កក្កដា ស្តីពីការ​បញ្ចប់​ដែល​ជិត​មក​ដល់​នៃ​ប្រតិបត្តិការ​របស់​កម្លាំង​តួកគីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។

«យើងនឹងបិទទីតាំងប្រតិបត្តិការនោះឆាប់ៗនេះនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់»។​ លោកអឺរ​ដូ​ហ្កានបានថ្លែងក្នុងអំឡុងកម្មវិធីបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យការពារជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល។

ប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០២២ ដោយកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់នៅក្នុងតំបន់មេធីណា  ហ្សាប  និងអាវ៉ាស៊ីនបេសៀន។

លោកប្រធានាធិបតីបានបញ្ជាក់ឱ្យដឹងថា អង្គភាពបំបែកខ្លួនគឺនឹងមិនអាចធ្វើសកម្មភាពណាមួយនៅតាមព្រំដែនប្រទេសតួកគី ខណៈដែលស្ថានភាពក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីកាន់តែមានភាពប្រសើរឡើង។

«នៅក្នុងប្រទេសស៊ីរី យើងនឹង​បញ្ចប់ខ្សែរក្រវ៉ាត់សុវត្ថិភាពនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់យើង ដែលមានមូលដ្ឋានលើទឹកដីនៃប្រទេសស៊ីរី»។ នេះបើតាមប្រសាសន៍របស់លោកអឺដូហ្កាន ដែលបានសំដៅដល់ប្រតិបត្តិការរបស់ទាហានតួកគីនៅភាគខាងជើងប្រទេសស៊ីរីប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP)។

ចាប់តាំងពីឆ្នាំ២០១៦ មក ប្រទេសតួកគីបានផ្តួចផ្តើមប្រតិបត្តិការយោធាជាច្រើននៅភាគខាងជើងប្រទេសស៊ីរី ក្នុងគោលបំណងដើម្បីបង្កើតតំបន់គ្មានសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅតាមបណ្តាយព្រំដែន។ ប្រទេសតួកគីបានចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់បក្សពលករឃឺដ(PKK)។

បក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here