ទាហាន២នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្ម

0

ប្រ​ទេស​ប៉ាគី​ស្ថាន៖ ទា​ហា​ន ២​នាក់ និង​​​ជន​​ស៊ីវិល ៥​​នាក់ រួម​​ទាំង​​ក្រុម​​ភេរវ​​ករ ៣​​នាក់ ត្រូវ​​បានសម្លាប់​​ក្នុង​​ការ​​វាយ​​ប្រហារ​​ភេរវករ​ក្នុង​​ខេត្ត​​ខាយ​ប័រ​ផាក​​ថុនវ៉ា ភាគ​ពាយ័ព្យ​​ប្រទេស​​ប៉ាគី​ស្ថាន។  នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់ទាហានកាល​​ពី​ថ្ងៃ​អង្ការ​ ទី១៦ ខែ​កក្កដា ឆ្នាំ២០២៤។

បណ្តាញ​​ទំនាក់​​ទំនង​​សាធារណៈ​​អន្តរ​​សេវា​កម្ម​​ហៅ​​កាត់​​ថា (ISPR) ដែល​ជា​ដៃ​គូ​របស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​​កង​​ទ័ព​​ប៉ាគី​ស្ថាន​​បាន​​លើក​​ឡើង​​នៅ​​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​ថា​ ​​ភេរវករ​​មួយ​​ក្រុម​វាយ​​ប្រហារ​​លើ​​មណ្ឌល​​សុខភាពជន​បទ​​​​​នៅ​​​​តំបន់​ គីរី ស្ហា​មូហ្សា​យ​ ក្នុង​ស្រុក​ដឺរ៉ា អ៊ីស​ម៉េល ខាន។​

សេច​ក្តី​​ថ្លែង​ការណ៍​​ដដែល​​មាន​​ខ្លឹម​​សារ​​បន្ថែមថា ក្រុម​​ភេរវករ​​បាន​​បើក​​ការ​​បាញ់​​ប្រហារ​​ទៅ​​លើ​បុគ្គលិក​​មណ្ឌល​​សុខភាព​បណ្តាលឲ្យ​​ពល​​រដ្ឋ​​ស្លូត​​ត្រង់​៥​នាក់​ស្លាប់ក្នុង​​នោះ​​មាន​​បុគ្គលិក​​ពេទ្យ​​ស្រី​២នាក់​ ក្មេង​២នាក់​ និង​​អ្នក​​​យាម​​ម្នាក់។

ខ្លឹមសារ​បន្ថែម​បង្ហាញថា កម្លាំង​​សន្តិសុខ​​ក្បែរ​​តំបន់​​នោះ​​បាន​​ធ្វើ​​ប្រតិ​បត្តិការ​​សម្អាត​​ភ្លាម​ៗ​ និង​​បាន​បាញ់​បក​​យ៉ាង​​សកម្ម​​ទៅ​​លើ​​ក្រុម​​ភេរវករ​​ បណ្តាលឲ្យ​​ក្រុម​ភេរវករ​៣នាក់​​ស្លាប់នៅ​​កន្លែង​​កើត​​ហេតុ​។

ប្រភព​បន្ថែម​ថា​ ទោះជា​យ៉ាង​ណាក៏ដោយ​ ក្នុងអំឡុងនៃការបាញ់ប្រហារគ្នាទៅវិញទៅមក​ ទាហាន​២នាក់​បាត់​បង់​ជីវិត​ ហើយប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។

ខាង​យោធា​និយាយថា​ ជនល្មើសដែល​បានប្រព្រឹត្តអំពើដ៏ឃោឃៅ និងយ៉ាង​កំសាកមកលើជនស្លូតត្រង់ជាច្រើន​នាក់​​ ជាពិសេសលើស្ត្រី និងកុមារ នឹង​ត្រូវ​នាំ​យក​ទៅ​កាត់ទោស​៕​

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here