ប្រទេសប៉ាគីស្ថាន៖ យោធាបានរាយការណ៍ថា កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ៤នាក់ក្នុងប្រតិបត្តិការមួយនៅស្រុកថេង នៅភាគពាយ័ព្យខេត្តខាយប័រផាកថុនវ៉ា។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការរួមគ្នាដោយផ្អែកលើរបាយការណ៍ស៊ើបការសម្ងាត់ពីវត្តមានរបស់ក្រុមភេរវករ។
បើតាមប្រភព (ISPR) ប្រតិបត្តិការនេះបណ្តាលឱ្យមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា ដោយភេរវករ ៤នាក់ត្រូវបានសម្លាប់។ ក្រុមភេរវករទាំងនោះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឃោឃៅនៅប្រទេសអាស៊ីខាងត្បូង។
យោធានិយាយថា អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមភេរវករដែលពួកគេធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ចាប់ជម្រិតនិងសម្លាប់ពលរដ្ឋស្លូតជាច្រើននាក់ផ្សេងទៀត។
យោធានិយាយថា ប្រតិបត្តិការសម្អាតគឺត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករទាំងអស់ដែលមានវត្តមាននៅក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មទាំងអស់ចេញពីប្រទេស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ២៨ ខែកក្កដា ឆ្នាំ២០២៤