ក្រុមហេបូឡាកាន់ទុក្ខមេបញ្ជាការយោធាកំពូលម្នាក់ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

0

ប្រទេសលីបង់៖ ក្រុមហេបូឡាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី៣១​ ខែកក្កដា ឆ្នាំ២០២៤  ដើម្បីកាន់ទុក្ខមេបញ្ជាការយោធាកំពូលរបស់ពួកគេ លោក ហ្វូអេដ ស្ហូកឺ (Fouad Shokor) ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅតំបន់ដាហ៊ី ជាយក្រុងបេរូត។

សេចក្តីថ្លែងការណ៍មានខ្លឹមសារ៖ «ការ​តស៊ូ​របស់​យើង​បង្ហាញ​គាត់នូវ​និមិត្តរូប​នៃ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ​និង​ការ​តាំង​ចិត្ត​យ៉ាងអង់អាចដើម្បី​បន្ត​ក្រុម​ជីហាដ រហូតទាល់តែមានការរំដោះទឹកដីនិងប្រជាជនពីភាពអយុត្តិធម៌ និងភាពឃោរឃៅនៃអង្គភាពដណ្តើមកាន់កាប់ ឧក្រិដ្ឋកម្ម និងឃាតកម្មនេះ។»

 ការស្លាប់របស់លោក ហ្វូអឺត ស្ហូកឺ នឹងក្លាយជា​កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់អ្នកប្រយុទ្ធទាំងអស់ក្នុងក្រុមរបស់គាត់ដើម្បីឆ្ពោះទៅមុខដោយភាពខ្ជាប់ខ្ជួន ភាពក្លាហាន ដើម្បីរក្សាសមិទ្ធិផល ជ័យជំនះ សមត្ថភាព និងដើម្បី​សម្រេច​បាន​នូវ​គោលដៅ និង​ក្តី​សង្ឃឹម​ដែល​មេដឹកនាំ​ដ៏​អស្ចារ្យ​ កំពុងតែ​ទន្ទឹង​រង់ចាំ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំក្រុមហេបូឡា លោក សេយេដ ហាសាន ណាសរ៉លឡាស់ (Sayyed Hassan Nasrallah) នឹងថ្លែងការណ៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ដើម្បីបង្ហាញពីជំហរនយោបាយរបស់ក្រុមហេបូឡាទាក់ទងនឹងការវាយប្រហារនេះ។

គួររំលឹកផងដែរថា​ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារបានវាយប្រហារដោយគ្រាប់មីស៊ីល ៣គ្រាប់ទៅលើទីតាំងមួយនៅក្បែរទីតាំងក្រុមប្រឹក្សាស្ហូរ៉ា(Shura) របស់ក្រុមហេបូឡា ដោយបានសម្លាប់លោក ហ្វូអេដ ស្ហូកឺ និងមនុស្ស ៥នាក់ផ្សេងទៀត រួមទាំងបង្ករបួសដល់មនុស្ស ៧៤នាក់ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here