ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានអះអាងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ថា បានសម្លាប់ក្រុមភេរវករ ៧នាក់ក្នុងប្រតិបត្តិការយោធានៅស្រុកកូរ៉ាម ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេស។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ដែលរាយការណ៍ថាមានវត្តមានក្រុមភេរវករនៅក្នុងស្រុកកាលពីព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា កម្លាំងសន្តិសុខបានចូលទីតាំងរបស់ក្រុមភេរវករយ៉ាងមានប្រសិទ្ធភាព ដែលជាលទ្ធផលសម្លាប់សមាជិកក្រុមភេរវករ ៧នាក់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងប្រតិបត្តិការ។
ខាងយោធាបន្ថែមថា ទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករត្រូវបានបំផ្លាញ ហើយអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូស។
ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋស្លូតត្រង់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការបោសសម្អាតបាននិងកំពុងអនុវត្ត ដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់ ស្របពេលដែលកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេស៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤