ប្រទេសអ៊ីរ៉ាក់៖ ប៉ូលិសក្រុងនិយាយថា មនុស្ស ៦នាក់ មកពីគ្រួសារតែមួយត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ទៅលើផ្ទះរបស់ពួកគេនៅខេត្តសាលាហ៊ូឌីន កាលពីថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ម៉ូហាមេដ អាល បាហ្សី មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប៉ូលិសខេត្តសាលាហ៊ូឌីនបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារបានកើតឡើងនៅពេលព្រឹកដោយក្រុមសកម្មប្រយុទ្ធបានសម្រុកចូលទៅក្នុងផ្ទះអ្នកភូមិសម្លាប់បុរសម្នាក់ ស្ត្រី២នាក់ និងក្មេង៣នាក់ទៀត នៅក្បែរទីក្រុងសាម៉ារ៉ា ដែលមានចម្ងាយប្រមាណជា ១២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងបាដាដ។
លោក អាល បាហ្សី និយាយថា កម្លាំងសន្តិសុខអ៊ីរ៉ាក់ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងធ្វើប្រតិបត្តិការស្វែងរកអ្នកវាយប្រហារដែលបានរត់គេចខ្លួន។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយតែងធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤