រដ្ឋប៉ាឡេស្ទីន៖ ជនជាតិប៉ាឡេស្ទីន៥នាក់ស្លាប់កាលពីថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងហេតុការណ៍ទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅជំរំណ័រស្ហាមក្បែរតំបន់ថូលក្រាម ភាគខាងជើងតំបន់វ៉េសប៉េង នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន។
មន្ត្រីក្រសួងបានរាយការណ៍ថា សាកសពត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យរដ្ឋាភិបាលថូល ក្រាមក្រោយការវាយប្រហារ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក អាវីឆាយ អាដ្រេ បានបញ្ជាក់ថា កងទ័ពអាកាសអ៊ីស្រាអែលបានកំណត់គោលដៅលើបន្ទប់វះកាត់នៅក្នុងតំបន់ណ័រ ស្ហាម។
ពេលដែលភាពតានតឹងបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប អំពើហិង្សារវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីននៅក្នុងតំបន់វ៉េសបេងកើនឡើង។
ការិយាល័យអង្គការសហប្រជាជាតិដើម្បីការសម្របសម្រួលកិច្ចការមនុស្សធម៌បានរាយការណ៍កាលពីថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់វ៉េសបេងបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃក្នុងខែសីហា។
សូមរំលឹកផងដែរថា ចាប់តាំងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកើតឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១២៨នាក់ ក្នុងនោះមានក្មេង ២៦នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅតំបន់វ៉េសបេង នេះបើយោងតាមការបញ្ចាក់ពីអង្គការសហប្រជាជាតិ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤