ប្រទេសអ៊ីរ៉ាក់៖ កម្លាំងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការរួមគ្នាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ដែលជាកន្លែងភេរវករ ១៥នាក់ត្រូវបានសម្លាប់។
ក្រុមភេរវករ ISIS បំពាក់ដោយអាវុធជាច្រើនក្នុងនោះមានគ្រាប់បែកដៃ និងខ្សែរក្រវ៉ាត់បំផ្ទុះ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ ប្រភពបន្ថែមថា មិនមានជនស៊ីវិលស្លាប់បាត់បង់ជីវិតនោះទេ។
យោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីរារាំង និងធ្វើឲ្យអន់ថយសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងការរៀបចំផែនការ សម្របសម្រួល និងធ្វើប្រតិបត្តិការប្រឆាំងនឹងជនស៊ីវិលអ៊ីរ៉ាក់ ពលរដ្ឋអាមេរិក រួមទាំងប្រទេសដៃគូក្នុងតំបន់ផ្សេងទៀត ប្រតិបត្តិការទាំងនេះបានកំណត់គោលដៅជាចម្បងទៅលើមេបញ្ជាកាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បន្តរ៉ុករកក្រុមភេរវករនៅក្នុងតំបន់ដែលបានវាយឆ្មក់ទាំងនោះ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយផងដែរថា ខ្លួននឹងបន្តតាមប្រមាញ់ក្រុមភេរវករដោយសហការជាមួយកម្លាំងចម្រុះ និងកម្លាំងសម្ព័ន្ធមិត្តអ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា អ្នកជំនាញរបស់អង្គកាសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ចេញផ្សាយខែសីហា ឆ្នាំ២០២៣ ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែអាចបញ្ជាសមាជិកពី ៥០០០នាក់ ទៅ ៧០០០នាក់ នៅទូទាំងអតីតបន្ទាយរបស់ពួកគេនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
របាយការណ៍លើកឡើងថា ក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣ ការគំរាមកំហែងដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅតែមានកម្រិតខ្ពស់ក្នុងតំបន់ជម្លោះ និងមានកម្រិតទាបនៅតំបន់គ្មានជម្លោះ។
របាយការណ៍ដែលផ្ញើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានខ្លឹមសារថា ស្ថានភាពទូរទៅគឺវិវត្តន៍ជាជំហានៗ ហើយបើទោះបីជាមានការបាត់បង់យ៉ាងសំខាន់ក្នុងការដឹកនាំក្រុម និងកាត់បន្ថយសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ ក៏ហានិភ័យនៃការកើតឡើងវិញរបស់ក្រុមភេរវករនៅតែមាន។
កាលពីឆ្នាំ២០១៤ ក្រុមភេរវករ ISIS ដណ្តើមកាន់កាប់តំបន់ធំៗជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីមុនពេលក្រុមនេះត្រូវបានកម្ចាត់នៅក្នុងឆ្នាំ២០១៧។
ប្រជាជនអ៊ីរ៉ាក់មិនតិចជាង៥លាននាក់ត្រូវភៀសខ្លួនចេញពីខេត្តនីនីវ៉េ ខេត្តសាឡាហអាលឌីន ផ្នេកខ្លះនៃខេត្តកឺកុក ខេត្តឌីយ៉ាឡា និងខេត្តអានបារ ដោយសារតែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានគ្រប់គ្រងលើតំបន់ទាំងនេះក្នុងឆ្នាំ២០១៤។
ប្រទេសអ៊ីរ៉ាក់បានប្រកាសរំដោះទឹកដីរបស់ខ្លួនពីការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅចុងឆ្នាំ២០១៧ ប៉ុន្តែអាជ្ញាធរតែងតែបើកប្រតិបត្តិការសន្តិសុខ ដើម្បីតាមចាប់ក្រុមភេរករដែលនៅសេសល់ ហើយពួកគេតែងតែវាយប្រហារជារឿយៗនៅក្នុងប្រទេស៕
ប្រភពព័ត៌មាន iraqinews ចុះផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤