ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់និយាយថា មន្ត្រីចារកម្មម្នាក់ត្រូវបានសម្លាប់ និងទាហាន៣នាក់រងរបួសកាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងហេតុការផ្ទុះគ្រាប់បែកនៅភាគខាងជើងខេត្តកឺកុកប្រទេសអ៊ីរ៉ាក់។
វរសេនីយ៍ទោ អាល ហាយ៉ាលី ផ្នែកចារកម្មរបស់កងពលធំទី៨នៃកងទ័ពអ៊ីរ៉ាក់ ត្រូវបានសម្លាប់ និងទាហាន៣នាក់រងរបួសនៅពេលឧបករណ៍ផ្ទុះត្រូវបានគេបំផ្ទុះនៅក្បែររថយន្តរបស់ពួកគាត់ដែលកំពុងធ្វើដំណើរនៅក្នុងភូមិមួយក្បែរទីក្រុងឌីប៊ីស ភាគយ័ព្យនៃខេត្តកឺកុក ដែលមានចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាកដាដ នេះបើតាមសម្តីរបស់មន្ត្រីយោធាសុំមិនបញ្ចេញឈ្មោះ។
ប្រភពបន្ថែមថា កងកម្លាំងសន្តិសុខប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យទូទៅកឺកុក។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ការវាយប្រហារនៅតែកើតមានក្នុងប្រទេសអ៊ីរ៉ាក់ បើទោះបីជាស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះមានភាពប្រសើរឡើង បន្ទាប់ពីបានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយមទូទាំងប្រទេសកាលពីឆ្នាំ២០១៧ក៏ដោយ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤