កងទ័ពអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២នាក់នៅភាគខាងជើងវ៉េសបេង

0

រដ្ឋប៉ាឡេស្ទីន៖ ជនជាតិ​ប៉ាឡេស្ទីន ២នាក់​​ត្រូវ​បាន​សម្លាប់ និង១០នាក់​ផ្សេងទៀត​រងរបួស​ក្នុងប្រតិបត្តិការ​យោធា​នៅ​ទីក្រុង​ថូលក្រាមភាគខាងជើង​​តំបន់​វ៉េសប៉េង នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ជនរងគ្រោះម្នាក់​​ត្រូវ​បាន​បាញ់សម្លាប់ត្រង់ក្បាល ខណៈដែលម្នាក់ផ្សេង​ទៀត​ដែលជា​ស្ត្រីឈឺចាប់ដោយ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាលធ្ងន់ធ្ងរ ហើយបាន​ស្លាប់​ភ្លាមៗនៅក្បែរកន្លែងបាញ់ប្រហារ និងផ្ទុះនោះ។ នេះបើ​យោងតាម​ប្រភពលោក រ៉ាដវ៉េន ប្លេប្លា ប្រធានសមាគម៍​គ្រូពេទ្យប្រចាំ​នៅ​ទីក្រុង​ថូលក្រាមប្រាប់​អ្នក​សារព័ត៌មាន។

សាកសព​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​​មន្ទីពេទ្យ​ក្នុងតំបន់នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់មន្ត្រីក្រសួងសុខាភិបាល។

យោងតាមប្រភពពីជនជាតិប៉ាឡេស្ទីនដែលនៅតំបន់នោះបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលសម្រុកចូលទីក្រុង​​ថូលក្រាមឡោមព័ទ្ធមន្ទីរពេទ្យដោយមានទាំងការបាញ់កាំភ្លើង និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវទៅជំរំជនភៀសខ្លួនក្នុងទីក្រុងដោយប្រើគ្រឿងចក្រឈូសឆាយរបស់យោធា។

ទន្ទឹមនឹងនេះផងដែរ លោក​ អាវីឆាយ អាដ្រេ អ្នកនាំពាក្យ​ទាហាន​អ៊ីស្រាអែល​បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា កងកម្លាំង​មួយ​ចំនួន​ធំ​មកពី​សេវាកម្មសន្តិសុខ​ផ្ទៃក្នុង​របស់​អ៊ីស្រាអែល ស្ហីន បេត និង​ប៉ូលិស​ព្រំដែន​អ៊ីស្រាអែលគឺ​កំណត់​គោលដៅ​​វាយប្រហារទៅលើ​រចនាសម្ព័ន្ធ​របស់​ក្រុមភេរវករ​នៅក្នុង​ទីក្រុង​ថូលក្រាម  ដែលនេះគឺ​ជាផ្នែក​មួយ​នៃ​ប្រតិបត្តិការដែល​កំពុងដំណើរការក្នុងការ​ប្រឆាំងនឹង «ភេរវកម្ម» នៅក្នុង​តំបន់​វ៉េសបេង។នៅក្នុងសេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនេះទេ។

អ៊ីស្រាអែល​បានបើកប្រតិបត្តិការ​ទ្រង់ទ្រាយធំនៅ​ទូទាំង​ភាគខាងជើង​តំបន់វ៉េសបេង​កាលពី​ថ្ងៃ​ទី២៨ ខែសីហា ដោយ​បាន​លើក​ឡើង​ថា ប្រតិបត្តិការ​នេះ​មានគោលបំណង​ដើម្បី​តាមចាប់​ខ្លួន​ក្រុម​ភេរវករ និងការពារសកម្មភាព​វាយប្រហារ​ប្រឆាំង​នឹង​អ៊ីស្រាអែលនាពេលអនាគត។

ប្រតិបត្តិការដែល​ត្រូវបាន​គេរាយការណ៍ថាមានរយៈពេល១០ថ្ងៃ​នេះ ​កំណត់គោលដៅ​វាយប្រហារចម្បងទៅលើ​ទីក្រុង​ជេននីន ទីក្រុងថូបាស ទីក្រុងថូលក្រាម និង​ជំរំ​របស់​ពួកគេ​ផងដែរ។ ហើយប្រតិបត្តិការនេះ​​បាន​សម្លាប់​ជនជាតិប៉ាឡេស្ទីន​ជិត ៤០នាក់ បង្ក​របួស​ស្នាមដល់មនុស្ស ១៤៥នាក់ និងបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក និងអគារលំនៅដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ។

យោងតាម​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា ជនជាតិប៉ាឡេស្ទីន​មិនតិច​ជាង ៦៩០នាក់នោះទេដែល​ត្រូវបានសម្លាប់​ក្នុងការវាយប្រហារ​របស់អ៊ីស្រាអែល​នៅទូរទាំង​តំបន់វ៉េសបេង​ចាប់តាំង​ពីកើត​មាន​ជម្លោះ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សាស្ទ្រីប កាល​ពី​ខែ​តុលា ឆ្នាំមុន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here