ជនជាតិប៉ាឡេស្ទីន ១៥នាក់ដោយការវាយប្រហាររបស់អ៊ីស្រាអែល

0

ប្រទេសអ៊ីស្រាអែល៖ យ៉ាងហោចណាស់​​ជនជាតិ​​ប៉ាឡេស្ទីន ១៥នាក់​​​ត្រូវ​បាន​​សម្លាប់​​ក្នុង​​ការ​​វាយប្រហារ​​របស់​​អ៊ីស្រាអែល​ទៅ​លើភាគ​ខាងត្បូង ​ និង​ភាគកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីបនៅ​​​ថ្ងៃ​ចន្ទ​ ទី​១៦​ ខែកញ្ញា ឆ្នាំ២០២៤ នេះ​បើតាម​ប្រភពពី​ជនជាតិ​​ប៉ាឡេស្ទីន​។

កងកម្លាំង​សន្តិសុខ​ប៉ាឡេស្ទីន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ យន្ត​ហោះ​ចម្បាំង​អ៊ីស្រាអែល​កំណត់គោលដៅ​វាយប្រហារ​លើ​ផ្ទះ​មួយ​ខ្នង​នៅក្នុង​ជំរំ​ជនភៀសខ្លួន​នូសៀរ៉ាត​នៅកណ្តាល​ហ្កាហ្សាស្ទ្រីប​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ១០នាក់​។

ការ​វាយប្រហារ​តាម​អាកាស​បំផ្លាញ​ផ្ទះមួយ​ខ្នង​​​ទាំង​ស្រុង​ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ក្បែរ​នោះ​រង​ការ​ខូចខាត។

​ជន​រងគ្រោះ​​មាន​ក្មេងៗជាច្រើននាក់​ នេះបើតាមខាងមន្ទីពេទ្យ​បាន​ប្រាប់​មកអ្នក​យក​ព័ត៌មាន។ អ្នក​រង​របួស​ ១៥​នាក់ផ្សេង​ទៀត​​​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីពេទ្យ​ក្នុងស្ថានភាព​​​របួស​មាន​កម្រិត​ខុស​គ្នា​។

នៅ​ដដែល​នោះផងដែរ ការបាញ់ផ្លោងរបស់អ៊ីស្រាអែល​មួយ​ផ្សេង​ទៀត​ទៅ​លើ​ហាង​ដុតនាំ​មួយ​កន្លែង​ ​ក្នុង​តំបន់​ អាល ម៉ាវ៉ាស្ហី ភាគ​ខាង​លិចទីក្រុងខានយូនីស នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សាស្ទ្រីប​បាន​សម្លាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោចណាស់​ ៥នាក់ក្នុង​នោះ​មានក្មេង​​ម្នាក់ និងមនុស្ស​ជាច្រើន​នាក់​រងរបួស​ នេះ​បើ​យោង​តាម​ប្រភពពី​សន្តិសុខ និងពីខាង​មន្ទីពេទ្យ។

រហូត​មក​​​ដល់​​​ពេល​​​នេះ ​​​កងទ័ពអ៊ីស្រាអែលមិនទាន់ចេញសេចក្តីអត្ថាធិប្បាយទៅ​លើ​ការ​វាយប្រហារ​ទាំង​២នេះ​នៅ​ឡើយ​ទេ។

គួររំលឹកផងដែរថា អ៊ីស្រាអែល​​បាន​​បើកការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​​ប្រឆាំង​នឹង​​ក្រុមហាម៉ា​ស​នៅក្នុង​​តំបន់​ហ្កាហ្សា​ដើម្បី​​សងសឹក​នឹង​​ការវាយប្រហារ​​របស់​ក្រុមនេះ​​នៅតាម​​បណ្តោយ​​ព្រំដែន កាល​ពី​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២៣ ដែល​នៅ​​ពេល​នោះ មាន​មនុស្ស​ប្រមាណ​ជា ១២០០នាក់​​​ត្រូវបាន​​សម្លាប់ និង​ច្រើន​​​ជាង​ ២៥០នាក់​​ផ្សេង​ទៀត​ត្រូវ​បាន​​ចាប់​​ជា​​ចំណាប់​​ខ្មាំង។

បុគ្គលិក​សុខាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ហ្កាហ្សា​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ​ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំនួន​ជនជាតិប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបាន​កើនឡើងដល់ចំនួន ៤១២២៦នាក់៕

ប្រភព​ព័ត៌មាន​ Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here