រដ្ឋប៉ាឡេស្ទីន៖ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលវាយប្រហារលើរថយន្តមួយគ្រឿងក្នុងក្រុងរ៉ាហ្វាហ ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្លាប់មនុស្ស ២នាក់ និងបង្ករបួសស្នាមដល់មនុស្ស ១១នាក់ផ្សេងទៀត នេះបើយោងតាមប្រភពសន្តិសុខប៉ាឡេស្ទីន។ប្រភពបន្ថែមថា រថយន្តដែលរងការវាយប្រហារនេះគឺជាកម្មសិទ្ធរបស់ជនស៊ីវិល។ កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។
ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានរំលោភលើព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បង្ករឲ្យមានមនុស្សប្រមាណជា ១២០០នាក់ស្លាប់ និងមិនតិចជាង ២០០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។
បុគ្គលិកសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សានិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ចំនួន៤១២២៦នាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤