ប្រទេសលីបង់៖ សមាជិកក្រុមហេបូឡា ៣នាក់ត្រូវបានសម្លាប់នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកញ្ញា នេះ ដោយការវាយប្រហារតាមអាកាសទៅលើភូមិមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមប្រភពពីយោធាលីបង់។
យោធាលីបង់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះចម្បាំងអ៊ីស្រាអែលបាញ់គ្រាប់មីស៊ីលពីអាកាសមកដីចំនួន២គ្រាប់បំផ្លាញផ្ទះមួយខ្នងក្នុងភូមិព្រំដែន ម៉ាចដេល សម និងបង្កការខូចខាតអគារក្បែរៗនោះជាច្រើនអគារ។
ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យរដ្ឋាភិបាល ថេបណាញ នៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមប្រភពដដែល។
ពួកគេក៏បានរាយការណ៍បន្ថែមថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន៣លើកទៅលើទីក្រុង និងភូមិនៅតាមព្រំដែនចំនួន៣ក្នុងភាគខាងត្បូងប្រទេសលីបង់នៅរសៀលថ្ងៃអង្គារ ខណៈដែលកាំភ្លើងធំអ៊ីស្រាអែលបាញ់ផ្លោងស្រោចទៅលើទីក្រុង និងភូមិចំនួន៥នៅភាគខាងត្បូងប្រទេសលីបង់។
គួររំលឹកផងដែរថា ភាពតានតឹងបានកើនឡើងនៅតាមបណ្តាយព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់របស់ក្រុមហេបូឡាចូលទៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល ដោយមានការចូលរួមសហការពីក្រុមហាម៉ាសវាយប្រហារទៅលើអ៊ីស្រាអែលមួយថ្ងៃមុន។ បន្ទាប់មកអ៊ីស្រាអែលបានវាយបកវិញដោយការបាញ់កាំភ្លើងធំទៅភាគអាគ្នេយ៍នៃប្រទេសលីបង់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤