ប្រទេសអ៊ីរ៉ាក់៖ ក្រុមចលនាតស៊ូអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ គឺក្រុមសកម្មប្រយុទ្ធស្ហីអ៊ីត នៅល្ងាចថ្ងៃអាទិត្យនេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ៊្សកដានីវ៉ាលីដែលជារបងខណ្ឌព្រំដែនភាគខាងលិចរបស់ប្រទេសហ៊្សកដានីជាមួយតំបន់វ៉េសបេង។
សូមរំលឹកផងដែរថា តំបន់ហ៊្សកដានីវ៉ាលី លាតសន្ធឹងនៅតាមបណ្តាយទន្លេហ៊្សកដានី ដែលទន្លេនេះគឺជារបងខណ្ឌព្រំដែនភាគខាងលិចរបស់ប្រទេសហ៊្សកដានី មួយផ្នែកជាប់ជាមួយអ៊ីស្រាអែល និងមួយផ្នែកទៀតជាប់ជាមួយតំបន់វ៉េសបេង។ ជ្រលងនេះគឺជាព្រំដែនតែមួយគត់របស់តំបន់វ៉េសបេងដែលមិននៅជាប់គ្នាផ្ទាល់ជាមួយប្រទេសអ៊ីស្រាអែលទេ។ ប៉ុន្តែដោយសារហ៊្សកដានីវ៉ាលីមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះសន្តិសុខរបស់អីស្រាអែល ទើបតំបន់នេះស្ថិតក្រោមការយាមល្បាតយ៉ាងយកចិត្តទុកដាក់បំផុតពីកងទ័ពអ៊ីស្រាអែល។
ក្រុមចលនាតស៊ូអ៊ីស្លាមនិយាយក្នុងសេចក្តីថ្លែងការណ៍ថាការវាយប្រហារលើកទី៥ក្នុងថ្ងៃអាទិត្យនេះ ធ្វើឡើងដោយមានការចូលរួមសហការពីពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយពួកគេបានប្តេជ្ញាថានឹងបន្តវាយប្រហារលើបន្ទាយជាច្រើនកន្លែងទៀតរបស់សត្រូវ។
ពុំមានការបញ្ជាក់អំពីទីតាំងដែលរងផលប៉ះពាល់ ឬព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះទេ។
នៅព្រឹកថ្ងៃអាទិត្យ ក្រុមចលនាតស៊ូអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលជាច្រើនគ្រាប់ទៅលើគោលដៅក្នុងប្រទេសអ៊ីស្រាអែលមានដូចជាការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅពេលព្រឹកព្រលឹម ការវាយប្រហារដោយគ្រាប់មីស៊ីលផ្លោងទំនើប អាល អាខ្វាប ជាច្រើនគ្រាប់ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើមូលដ្ឋានទ័ពអ៊ីស្រាអែលជាច្រើនទីតាំងនៅក្នុងតំបន់ហ៊្សកដានីវ៉ាលីនៅពេលព្រឹក។
គួររំលឹកផងដែរថា ចាប់តាំងពីមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាតស៊ូអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់បានវាយប្រហារទៅលើកងកម្លាំងអ៊ីស្រាអែល និងអាមេរិកជាច្រើនគោលដៅក្នុងតំបន់ដើម្បីគាំទ្រដល់ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៤