ប្រទេសតួកគី៖ លោក អាលី យឺលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបានប្រកាសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះថាមនុស្ស៨៨នាក់ដែលជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានចាប់ខ្លួនក្នុងខេត្តផ្សេងៗគ្នា។
លោកបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីក្ស (X) ថាការចាប់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងក្នុងប្រតិបត្តិការដែលកំពុងបន្តមានរយៈពេល៥ថ្ងៃប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ក្នុងខេត្តចំនួន២៣ ដោយមានកិច្ចសហការរវាងក្រុមស៊ើបការណ៍សម្ងាត់ និងនាយកដ្ឋានប្រឆាំងភេរវកម្ម។
សេវាសន្តិសុខតួកគីបានបង្កើនយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយបានចាប់ខ្លួនសមាជិកក្រុមភេរវករជាច្រើននាក់ និរទេសសមាជិកភេរវករផ្សេងទៀត និងបានទប់ស្កាត់មិនឱ្យក្រុមភេរវករផ្សេងទៀតឆ្លងចូលទឹកដីប្រទេសតួកគី។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកំណត់គោលដៅវាយប្រហារលើទីក្រុងទីក្រុងអ៊ីស្តង់ប៊ុល រាជធានីអង់ការ៉ា និងទីក្រុងនៅតាមតំបន់ព្រំដែន ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់៕
ប្រភព qna ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤