ក្រុមហេបូឡានិយាយថាបានវាយប្រហារលើមូលដ្ឋានកងទ័ពជើងទឹកអ៊ីស្រាអែល

0

ប្រទេសលីបង់៖ ក្រុមហេបូឡា​​បាន​​និយាយ​​ថា ពួកគេ​​បាន​វាយប្រហារ​តាម​អាកាស​​ទៅ​​លើអង្គភាពស្ហាយ៉េត​ថេត១៣របស់​​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​​អ៊ីស្រាអែល ​​ដែលនៅ​​​​មូលដ្ឋាន​​ទ័ព​​ជើង​​ទឹក​អាត​លីតនៅ​លើ​ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ។

ការ​វាយប្រហារ​​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​​យន្ត​ហោះ​​គ្មាន​​មនុស្ស​បើកជា​ច្រើន​គ្រឿង​​ ដែល​​អាច​វាយ​ប្រហារ​គោល​ដៅ​​ដែល​​បាន​​កំណត់​ទុក នេះ​​បើ​តាមក្រុម​​ហេបូឡា​​និយាយនៅ​​ក្នុង​បណ្តាញ​សង្គម​តេលេក្រាម។​

នៅថ្ងៃ​​ទី​១៧-១៨ ខែ​​កញ្ញា​ ហេតុ​ការណ៍​ផ្ទុះ​​ជាច្រើនដោយប្រើប្រាស់ឧបករណ៍ទំនាក់ទំនង ​និង​​ឧបករណ៍​​អេឡិចត្រូនិក​​បាន​​​កើត​​ឡើង​​​ពាសពេញ​​ប្រទេស​​លីបង់​ ដែលជាហេតុបង្ក​ឲ្យមានរលកកំហឹងថ្មីរវាង​អ៊ីស្រាអែល និងក្រុមហេបូឡា។ ក្រុម​ហេបូឡាបាន​បន្ទោស​អ៊ីស្រាអែល​ចំពោះ​ហេតុការណ៍ទាំងនេះ។

​អ៊ីស្រាអែល​មិន​បាន​ធ្វើសេចក្តីអធិប្បាយ​ដោយ​ផ្ទាល់​អំពីគ្រឿង​ផ្ទុះកែច្នៃទាំងនោះទេ ប៉ុន្តែ​ពួកគេ​ប្រកាស​ថា សកម្មភាពទាំងនោះគឺជាការ​​​បង្កើន​​ប្រតិបត្តិការ​យោធា​​នៅ​តំបន់​ភាគ​ខាងជើង។ ក្រោយមក កងទ័ពអាកាសអ៊ីស្រាអែល​​បាន​ចាប់​​ផ្តើម​​វាយប្រហារ​តាម​អាកាស​​ទ្រង់ទ្រាយ​ធំ​​ទៅ​លើ​​តំបន់​​ភាគ​ខាងត្បូង​​ប្រទេស​​លីបង់ ឆ្លង​​ព្រំដែន​ភាគ​ខាងជើង ​និង​បានវាយប្រហារ​លើ​ទីក្រុង​បេរូតផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អ៊ីស្រាអែលលោក​ យ៉ាវ ហ្កា​ឡេន ​​បាន​ប្រកាស​បង្កើន​ការ​វាយប្រហារ​​តាមអាកាស​​ទៅ​លើ​​ទីតាំង​យោធា​ជា​ច្រើន​កន្លែង​ ឃ្លាំង​ផ្ទុក​គ្រាប់​រ៉ូកែត​ និង​ទីតាំង​​មេ​បញ្ជាការ​​ហេបូឡា​នៅ​ទូ​ទាំង​​ប្រទេស​លីបង់​។ ចំនួន​​អ្នកស្លាប់​​ដោយ​សារ​ការវាយ​ប្រហារ​តាម​អាកាស​​មានចំនួនលើសពី៥៥០នាក់​​នៅ​ក្នុង​​ប្រទេស​​លីបង់​ ចំណែកឯមនុស្ស​មិន​តិច​ជាង ១.៨០០នាក់​ផ្សេងទៀត​រងរបួស៕

ប្រភពព័ត៌មាន TASS ចុះផ្សាយ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here