ប្រទេសប៉ាគីស្ថាន៖ ជនជាតិចិន ២នាក់ត្រូវស្លាប់ក្នុងហេតុការណ៍ផ្ទុះមួយនៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអាទិត្យដែលគេចាត់ទុកហេតុការណ៍នេះថាជា “ការវាយប្រហារភេរវកម្ម” នេះបើយោងតាមស្ថានទូតចិនប្រចាំប្រទេសប៉ាគីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើតាមសារអេឡិចត្រូនិចជូនអ្នកសារព័ត៌មានមានខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ប៉ាឡុច លីបឺរ៉េស្ហិន (BLA) បានអះអាងថា ការផ្ទុះនេះគឺជាការវាយប្រហាររបស់ពួកគេដោយប្រើឧបករណ៍បំផ្ទុះកែច្នៃបង្កប់ក្នុងរថយន្តគោលដៅលើជនជាតិចិន ក្នុងនោះមានទាំងក្រុមវិស្វករផ្សេងទៀតផងដែរ។
ស្ថានទូតចិននិយាយថា ក្បួនរថយន្តមកពីក្រុមហ៊ុនថាមពលអគ្គិសនីផតកាស៊ីមរងការវាយប្រហារនៅក្បែរព្រលានយន្តហោះ។
សេចក្តីថ្លែងការណ៍និយាយថា “ស្ថានទូត និងអគ្គកុងស៊ុលចិនប្រចាំប្រទេសប៉ាគីស្ថានសូមថ្កោលទោសចំពោះការវាយប្រហារភេរវកម្មនេះ និងបានសម្តែងការរំលែកទុក្ខដល់ជនរងគ្រោះនៃប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីក្តីអាណិតអាសូរដល់អ្នករងរបួស និងក្រុមគ្រួសារពួកគេផងដែរ” ។ ភាគីចិនកំពុងធ្វើការជាមួយអាជ្ញាធរប៉ាគីស្ថានក្នុងឧបត្តវហេតុនេះ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ បាននិយាយថា ជនជាតិចិនម្នាក់រងរបួស ហើយការស៊ើបអង្កេតកំពុងដំណើរការ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ សរសេរសារបង្ហោះលើបណ្តាញសង្គម
អ៊ីក្សថា “ប្រទេសប៉ាគីស្ថានប្តេជ្ញាការពារមិត្តចិនរបស់យើង។ យើងនឹងព្យាយាមគ្រប់មធ្យោបាយមិនព្រមឲ្យហួសពីក្រសែភ្នែកបានទេដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ”។
ប្រទេសប៉ាគីស្ថានកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដែលការរៀបចំនេះត្រូវបានរំខានដោយអ្នកតវ៉ា និងការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍នេះរវាងប៉ូលិស និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន ដែលជាប់ពន្ធនាគារ។
អ្នកតំណាងជាន់ខ្ពស់របស់ចិន និងដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាក្នុងរយៈពេលមួយទសវត្សរ៍នេះ ត្រូវបានគេរំពឹងទុកថានឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយនេះ ដែលអាជ្ញាធរគ្រប់ជាន់ថា្នក់បានប្តេជ្ញាក្នុងការការពារសន្តិសុខសុវត្ថិភាពឱ្យបាន៕
ប្រភព nbcnews ចុះផ្សាយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤