ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់

0

ប្រទេស​អ៊ីរ៉ាក់​៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៤នាក់ ក្នុង​នោះ​មាន​សមាជិក​ជាន់​ខ្ពស់ម្នាក់​ត្រូ​វ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​លាក់​ខ្លួន​របស់​ពួកគេ​នៅក្នុង​ខេត្ត​សាឡាហ៊ូឌីន​ ភាគ​ខាង​ជើង​ទីក្រុង​បាដាដ​ នេះ​បើ​តាម​​​យោធាអ៊ីរ៉ាក់រាយការណ៍​នៅថ្ងៃ​​អង្គារនេះ។

ការ​វាយ​ប្រហារ​តាម​អាកាស​ ដែល​ធ្វើ​ឡើង​ដោយ​យន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ នៅ​ថ្ងៃ​ចន្ទនេះ បានកំណត់គោលដៅទៅ​​លើ​ទីតាំង​លាក់​ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ (IS) ដោយផ្អែកលើរបាយការណ៍ចារកម្មនៅ​ក្នុង​តំបន់​ខ្ពង់រាប​ក្បែរ​តំបន់ប្រជុំជន អាល់ អេត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ក្រុមព័ត៌មានសន្តិសុខ ដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមរបស់អ៊ីរ៉ាក់។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ កងទ័ព​ និង​អង្គភាព​ស៊ើបការណ៍ ត្រូវ​បាន​បញ្ជូន​ទៅ​ទីតាំង​វាយប្រហារតាមអាកាស​ដែលជា​កន្លែងពួកគេ​រកឃើញ​សាកសពចំនួន​ ៤ ដែលសាកសពមួយក្នុងចំណោមសាកសពទាំងអស់​ត្រូវបានគេជឿថាគឺ ​លោក អាបូ អូមឺ អាល​ កាហ្ស៊ីម ដែលជាមេដឹកនាំ​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងខេត្តសាលាហ៊ូឌីន។

អង្គភាព​នេះ​ក៏​បាន​រកឃើញ​ខ្សែរ​ក្រវ៉ាត់​បំផ្ទុះ៣ខ្សែរ កាំភ្លើង​ជា​ច្រើនដើម គ្រាប់បែកដៃជាច្រើនគ្រាប់ វែនតាមើលពេលយប់​ជា​ច្រើនគ្រឿង ទូរស័ព្ទដៃជាច្រើនគ្រឿង​របស់​ក្រុម​ភេរវករ និង​សម្ភារៈ​ផ្សេងៗ​ជា​ច្រើន​ទៀត​។

គួររំលឹកផងដែរថា បើ​ទោះ​បីជា​ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ ២០១៧ក៏ដោយ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត និងបានវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភព​ Xinhua ចុះផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here