ប្រទេសតួកគី៖ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានបង្ក្រាបសមាជិកជាន់ខ្ពស់នៃគណបក្សពលករឃឺដ (PKK) ដែលបានរៀបចំផែនការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសតួកគី នេះបើតាមភ្នាក់ងារព័ត៌មានរដ្ឋ TRT រាយការណ៍នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤នេះ។
អ្នកស្រី ហេហ្សាល បែល ដែលគេស្គាល់ដោយឈ្មោះសម្ងាត់របស់នាងគឺ ជីនដា ហ្កាន់ឌីក្រាម៉ូ ត្រូវបានបង្ក្រាបនៅក្នុងតំបន់ អេម៉ូដ នៃប្រទេសស៊ីរី បន្ទាប់ពីមានប្រតិបត្តិការដែលដឹកនាំដោយចារកម្ម នេះបើតាម TRT បានដកស្រង់សម្តីរបស់កម្លាំងសន្តិសុខអនាមិក។
អ្នកស្រី បែល ត្រូវបានគេរាយការណ៍ថាស្ថិតក្រោមការឃ្លាំមើលជាយូរមកហើយដោយសារតែអ្នកស្រីជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធដែលមានគោលដៅវាយប្រហារលើទឹកដីទួកគី។ ទោះបីជាមានការប៉ុនប៉ងជាច្រើនលើកដើម្បីអនុវត្តការវាយប្រហារក៏ដោយ ក៏លោកស្រីបញ្ជាក់ដោយឥតភស្តុតាងថាបានពន្យារពេលពួកគេ ដោយសារតែមានវិធានការប្រឆាំងភេរវកម្មដ៏រឹងមាំនៅក្នុងប្រទេស។
អ្នកស្រី បែល ជាសមាជិកម្នាក់របស់គណបក្សពលករឃឺដ (PKK) តាំងពីឆ្នាំ២០០៤។ អ្នកស្រីដើរតួយ៉ាងសំខាន់ក្នុងការរើសអ្នកស្រុកស៊ីរីឲ្យចូលរួមក្នុងអង្គការភេរវករ នេះបើតាមសេចក្តីរាយការណ៍របស់ TRT។
មុនពេលមានប្រតិបត្តិការរបស់អ្នកស្រីក្នុងប្រទេសស៊ីរី អ្នកស្រីធ្លាប់បម្រើការងាររយៈពេលជាច្រើនឆ្នាំនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងតួនាទីជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុម។
អ្នកស្រី បែល រងរបួសក្នុងអំឡុងពេលមានជម្លោះឆ្នាំ២០២១ ហើយបន្ទាប់ពីទទួលបានការព្យាបាលនៅទីក្រុងសូឡាយម៉េន៉ីយ៉ាស នៃប្រទេសអ៊ីរ៉ាក់ អ្នកស្រីក៏បានវិលត្រលប់ទៅប្រទេសស៊ីរីវិញដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងនាមជាប្រធានក្រុមនៅក្នុងតំបន់ អេម៉ូដ។
គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។
កម្លាំងតួកគីបាននិងកំពុងធ្វើប្រតិបត្តិការឆ្លងព្រំដែនក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីវាយប្រហារលើសមាជិកគណបក្សពលករឃឺដ និងលើទីតាំងលាក់ខ្លួនរបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP)។ ប្រទេសតួកគីចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ជាសាខារបស់គណបក្សពលករឃឺដ (PKK)។
គួររំលឹកផងដែរថា អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “បង្ក្រាប” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤