ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ទាហានម្នាក់និងក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់នៅពេលកម្លាំងសន្តិសុខប៉ាគីស្ថាន
រារាំងការវាយប្រហារភេរវកម្មនៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេប៉ាគីស្ថាន នៅថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកហ្សូប ជាកន្លែងដែលក្រុមភេរវករព្យាយាមវាយប្រហារលើបុស្ត៍ ត្រួតពិនិត្យរបស់ទាហានប៉ារ៉ានៃកងទ័ពព្រំដែន។
សេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងសន្តិសុខបានទប់ស្កាត់ការប៉ុនប៉ងវាយប្រហារដោយ
ជោគជ័យ ដោយបានសម្លាប់ក្រុមភេរវករ២នាក់ ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលជាបុគ្គលគោលដៅដែលមានតំលៃខ្ពស់ផងដែរ។
ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា ទាហានម្នាក់ដែលមកពីខេត្តប៉ាឡូជីស្ថាន ត្រូវបាន សម្លាប់ក្នុងហេតុការណ៍ការប៉ះទង្គិចគ្នានេះ។
ខ្លឹមសារបន្ថែមបង្ហាញថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតធ្លាប់ចូលរួមក្នុងសកម្មភាពភេរវកម្មជាច្រើនលើកប្រឆាំងនឹងកម្លាំងសន្តិសុខក៏ដូចជាសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។
ប្រតិបត្តិការសម្អាតកំពុងដំណើរការដើម្បីបង្ក្រាបក្រុមភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងតំបន់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤