មនុស្ស១៩នាក់ស្លាប់ក្នុងហេតុការណ៍បាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអែល

0

រដ្ឋប៉ាឡេស្ទីន៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៩នាក់ ត្រូវបានសម្លាប់និងមនុស្សជាច្រើន​នាក់​ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយដែលផ្តល់នូវទីសំណាក់ដល់ជនភៀសខ្លួនពីជំរំ​ជនភៀសខ្លួន អាល ណឺសៀរ៉ាត នៅ​កណ្តាល​តំបន់​ហ្កាហ្សាស្ទ្រីប នេះ​បើ​តាម​ប្រភពពី​ប៉ាឡេស្ទីន។

 

តាមប្រភព និងសាក្សីនៅកន្លែងកើតហេតុប្រាប់អ្នកយកព័ត៌មានថា កាំភ្លើងធំអ៊ីស្រាអែលបាញ់ផ្លោងស្រោចទៅលើសាលារៀន អាល​ ម៉ាហ្វធី ដែលជាជំរករបស់ជនភៀសខ្លួនជាច្រើនគ្រួសារនៅភាគខាងជើងជំរំជនភៀសខ្លួន អាល ណឺសៀរ៉ាត។

ក្រុមរថយន្តសង្គ្រោះបន្ទាន់និងមន្ត្រីអង្គភាពការពារជនស៊ីវិលបានទៅដល់ទីតាំងកើតហេតុភ្លាមៗ។ ពួកគេនិយាយថា ពួកគេបានប្រើពិល និងពន្លឺរបស់ទូរស័ព្ទបំភ្លឺភាពងងឹតដែលបណ្តាលមកពីការដាច់ចរន្តអគ្គិសនី ដោយសារក្រុមអ្នកជួយសង្គ្រោះត្រូវដឹកជញ្ជូនអ្នករងរបួស។

បុគ្គលិកពេទ្យបាននិយាយថា ក្រុមសង្គ្រោះបានរកឃើញសាកសពចំនួន១៩សព និងមនុស្សប្រមាណជា ៨០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានក្មេងៗនិងស្ត្រីជាច្រើននាក់ ហើយបានបញ្ជូនពួកគេទៅមន្ទីពេទ្យនៅកណ្តាលតំបន់ហ្កាហ្សា។

នៅថ្ងៃអាទិត្យនេះផងដែរ ក្មេង ៥នាក់​ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅភាគខាងលិចជំរំ អាល ស្ហាធី ជំរំនេះស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន វ៉ាហ្វា (WAFA)។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។

គួររំលឹកផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានរំលោភលើព្រំដែនភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បង្ករឲ្យមានមនុស្សប្រមាណជា ១.២០០នាក់ស្លាប់ និងមនុស្សមិនតិចជាង ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។ បុគ្គលិកសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបាននិយាយនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ថា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ចំនួន ៤២.២២៧នាក់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here