អាជ្ញាធរបារាំងបានឃុំខ្លួនជនជាតិអាហ្វហ្កានីស្ថាន អាយុ២២ឆ្នាំម្នាក់ ដែលជាប់សង្ស័យពីបទរៀបចំផែនការវាយប្រហារភេរវកម្មនៅតំបន់សាធារណៈ នេះបើតាម AFP រាយការណ៍នៅសៅរ៍នេះដោយដកស្រង់ខ្លឹមសារពីការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើភេរវកម្ម ហៅកាត់ថា (PNAT)។ ក្រុមមន្ត្រីជឿថាករណីនេះមានទំនាក់ទំនងទៅនឹងផែនការសម្ងាត់សម្រាប់នៅថ្ងៃបោះឆ្នោតរបស់សហរដ្ឋអាមេរិកដែលផែនការនេះត្រូវបានលាតត្រដាងនៅដើមសប្តាហ៍។
រដ្ឋអាជ្ញាបារាំងបានអះអាងថា ជនសង្ស័យគឺជាអ្នកគាំទ្រមនោគមវិជ្ជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS ឬ ISIS) ដែលគាត់បានគ្រោងធ្វើ “សកម្មភាពហឹង្សា” នៅកីឡាដ្ឋានបាល់ទាត់ ឬមជ្ឈមណ្ឌលទំនិញក្នុងប្រទេសបារាំង។
បុរសម្នាក់នោះត្រូវបានឃុំខ្លួនកាលពីព្រឹកថ្ងៃអង្គារ នៅទីក្រុងអុកស៊ីតានី ភាគនិរតីប្រទេសបារាំង រួមជាមួយនឹងជនសង្ស័យ ២នាក់ផ្សេងទៀតដែលពួកគេទាំង៣នាក់គឺសុទ្ធសឹងជាជនជាតិអាហ្វហ្កានីស្ថាន។ ពួកគេត្រូវបាននាំទៅសាកសួរចម្លើយនៅទីក្រុងប៉ារីស ប៉ុន្តែក្រោយមកមនុស្ស ២នាក់ត្រូវបានដោះលែងវិញតាំងពីពេលនោះមក។
អ្នកជាប់ឃុំឃាំងដែលគេនិយាយថាមកពីសហគមន៍ថាជីកក្នុងប្រទេសអាហ្វហ្កានីស្ថាន និង រស់នៅក្នុងប្រទេសបារាំងរយៈពេលប្រមាណជា ៣ឆ្នាំមកហើយនោះ ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាគ្នាពីផែនការរបស់គាត់នៅលើបណ្តាញសង្គមតេលេក្រាម។ ឈ្មោះរបស់គាត់មិនត្រូវបានគេបង្ហាញនោះទេ។
ការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើភេរវកម្មអះអាងថាបានរកឃើញភ័ស្តតាងដែលអាចបង្ហាញថាជនជាប់ចោទបានក្លាយជាជនជ្រុលនិយម និងបានប្រកាន់ខ្ជាប់នូវ “មនោគមវិជ្ជារបស់ក្រុមរដ្ឋអ៊ីស្លាម” ។ បុរសម្នាក់នេះត្រូវបានគេចោទប្រកាន់ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មភេរវកម្ម ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។
ភ្នាក់ងារប្រាប់ AFP ថា ករណីនេះមានទំនាក់ទំនងទៅនឹងការចាប់ខ្លួនជនចំណាកស្រុកអាហ្វហ្កានីស្ថានម្នាក់នៅអាមេរិក កាលពីថ្ងៃចន្ទ។ ជនសង្ស័យនៅក្នុងករណីនេះមានឈ្មោះថា ណាសៀរ អាហម៉ាដ ថាវិដឌី មានអាយុ ២៧ឆ្នាំ ស្នាក់នៅក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២១ ហើយកំពុងរង់ចាំការវិនិច្ឆ័យលើដំណើរការអន្តោប្រវេសន៍របស់គាត់។
បើតាមរដ្ឋអាជ្ញាអាមេរិកបានឱ្យដឹងថា លោក ថាវិដឌី និងអ្នករួមគំនិតមិនបញ្ចេញឈ្មោះ ដែលត្រូវបានចោទប្រកាន់ថាជាអ្នកដើរតាមក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានចាត់វិធានការដើម្បីវាយប្រហារភេរវកម្មនៅក្នុងសហរដ្ឋអាមេរិកនាថ្ងៃបោះឆ្នោត ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ អ្នកស៊ើបអង្កេតបានរកឃើញថា ជាញឹកញាប់ លោក ថាវិដឌី តែងតែមើលការឃោសនារបស់ក្រុមរដ្ឋអ៊ីស្លាម ហើយបានចូលវិភាគទានប្រមាណ ៥៤០ដុល្លារជារូបិយប័ណ្ណគ្រីបតូដល់អង្គការសប្បុរសធម៌ដែលមិនបញ្ចេញឈ្មោះនៅក្នុងប្រទេសស៊ីរី ដែលគេចាត់ទុកថាជាចរន្តថវិកាសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។ គាត់ក៏ត្រូវបានគេរាយការណ៍ថាកំពុងទាក់ទងជាមួយមនុស្សម្នាក់នៅលើបណ្តាញសង្គមតេឡេក្រាមដែលភ្នាក់ងារ FBI កំណត់ថាជាអ្នកជ្រើសរើសសមាជិកដើម្បីចូលក្រុមរដ្ឋអ៊ីស្លាម។
បើតាមប្រភពជិតស្និទ្ធនឹងករណីនៅប្រទេសបារាំងបានឱ្យដឹងថា អាជ្ញាធរអាមេរិកបានចែករំលែកព័ត៌មានរបស់លោក ថាវិដឌី ជាមួយនឹងអាជ្ញាធរបារាំង ដែលឈានទៅដល់ការចាប់ខ្លួននៅក្នុងទីក្រុងអុកស៊ីតានី។ ពុំទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីគម្រោងរបស់ភេរវករ ដែលចាប់ខ្លួនបាននៅបារាំង ឬទំនាក់ទំនងរវាងករណីភេរវកម្មនៅអាមេរិក និងបារាំង ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈទេ។
ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃអង្គារសប្តាហ៍មុន បានប្រកាសពីបទចោទប្រកាន់លើលោក ថាវិដឌី ពីបទឃុបឃិតគ្នាក្នុងការផ្តល់ជំនួយសម្ភារៈដល់ក្រុមរដ្ឋអ៊ីស្លាម និងមានចេតនាប្រព្រឹត្តអំពើភេរវកម្ម៕
ប្រភព RT ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤