ប្រទេសលីបង់៖ ក្រសួងសុខាភិបាលលីបង់រាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានសម្លាប់ និង៤៨នាក់ផ្សេងទៀតរងរបួសនៅល្ងាចថ្ងៃព្រហស្បតិ៍ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើតំបន់ អាល នូ អ៊ីរ៉ី ដែលជាតំបន់មានប្រជាជនច្រើននៅកណ្តាលក្រុងបេរូត។
ការវាយប្រហារតាមអាកាសបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ក្នុងស្រុក អាល ចេឌីដ។
រថយន្តសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ ចំណែកឯក្រុមការពារជនស៊ីវិលបន្តពន្លត់ភ្លើងដែលបង្កដោយការផ្ទុះ។
មន្ទីពេទ្យនៅក្នុងទីក្រុងបេរូតកំពុងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិចាកឈាមគ្រប់ប្រភេទ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក វ៉ាហ្វីក សាហ្វា ប្រធានអង្គភាពទំនាក់ទំនងនិងសម្របសម្រួលរបស់ហេបូឡា ជាគោលដៅក្នុងការវាយប្រហារតាមអាកាស។
នេះគឺជាលើកទី៣ហើយដែលកងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើទីក្រុងបេរូតរបស់លីបង់ ក្នុងរយៈពេលមិនដល់មួយខែបន្ទាប់ពីពួកគេបានវាយប្រហារលើតំបន់ អាល កូឡា និងតំបន់ អាល បាឆូរ៉ា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤