នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានដែលថាមេដឹកនាំក្រុមហាម៉ាស យ៉ាសយា ស៊ីនវ៉ា អាយុ៦២ឆ្នាំ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមទាហានហ្វឹកហ្វឺនរបស់អ៊ីស្រាអែលដែលក្រុមនេះជួបប្រទះគាត់ដោយចៃដន្យលើកដំបូង ចាប់ផ្តើមផ្សព្វផ្សាយចែកចាយពាសពេញពិភពលោក។
នៅថ្ងៃសុក្រ ក្រុមហាម៉ាសបានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំរូបនេះក្នុងការប្រយុទ្ធគ្នានៅតំបន់តាល់អាល់ស៊ុលតាន់ ក្នុងក្រុងរ៉ាហ្វា កាលពីថ្ងៃពុធ។
ការពិតដែលថាមរណភាពរបស់លោក ស៊ីនវ៉ា ក្នុងការប្រយុទ្ធគ្នា បានបញ្ចូលក្នុងវគ្គចុងក្រោយនៃឆាកជីវិតរបស់គាត់ក្នុងនាមជាអ្នកប្រយុទ្ធ និងជាមេដឹកនាំម្នាក់ដែលបានចូលរួមជាមួយក្រុមហាម៉ាសចាប់តាំងពីពេលបង្កើតក្រុមនេះឡើង។
តើលោក យ៉ាសយ៉ា ស៊ីនវ៉ា (Yahya Sinwar) ជានរណា?
លោក យ៉ាសយ៉ា ស៊ីនវ៉ា គឺជាមេដឹកនាំក្រុមហាម៉ាស។
លោកបានដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាចាប់តាំងពីមរណភាពរបស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសគឺលោក អ៊ីសម៉េល ហានីយេស នៅទីក្រុងតេរ៉ង់ និងមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាសគឺលោក មូហាមេដ ដៀហ្វ នៅតំបន់ហ្កាហ្សា នៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ។
លោកបានចំណាយពេល២២ឆ្នាំក្នុងពន្ធនាគារអ៊ីស្រាអែលមុនពេលដែលគាត់ត្រូវបានគេដោះលែងក្នុងឆ្នាំ២០១១ ជាថ្នូរនឹងការដោះលេងអ្នកទោសម្នាក់។
មានគេនិយាយថា លោក ស៊ីនវ៉ា បានដឹកនាំការវាយប្រហារតបតរបស់ក្រុមហាម៉ាសក្នុង
សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងដឹកនាំកិច្ចចរចាបទឈប់បាញ់គ្នា។
អ្នកចរចានៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងគែរ និងទីក្រុងដូហាបាននិយាយថា មន្ត្រីក្រុមហាម៉ាសបញ្ឈប់រាល់ការពិភាក្សារបស់ខ្លួនក្នុងគោលបំណងពន្យាពេលដើម្បីស្តាប់ការណែនាំរបស់លោក ស៊ីនវ៉ា ពីតំបន់ហ្កាហ្សា។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យោធាអ៊ីស្រាអែលបានរុករកអ្វីដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីតំបន់នេះត្រូវបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញ និងមនុស្សស្លាប់មិនតិចជាង ៤២,០០០នាក់។
អ៊ីស្រាអែលបាននិងកំពុងព្យាយាមសម្លាប់លោក ស៊ីនវ៉ា តាមការចោទប្រកាន់ថាបានរៀបចំផែនការវាយប្រហារដែលដឹកនាំក្រុមហាម៉ាសទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលការវាយប្រហារនេះសម្លាប់មនុស្ស ១.១៣០នាក់ និងមនុស្សប្រមាណជា ២៥០នាក់ត្រូវបានចាប់ខ្លួន។
តើលោក ស៊ីនវ៉ា ស្លាប់ដោយរបៀបណា? តើវាជាផ្នែកមួយនៃប្រតិបត្តិការជាក់លាក់ឬ?
នៅចន្លោះម៉ោង២ និងម៉ោង៣ រសៀលថ្ងៃពុធ ក្រុមល្បាតមកពីអង្គភាពបណ្តុះបណ្តាលទ័ព ប៊ីឡាច ប្រីហ្កេត របស់អ៊ីស្រាអែលបានធ្វើប្រតិបត្តិការរុករកនៅក្នុងតំបន់តាល់អាល់ស៊ុលតាន់ ក្នុងក្រុងរ៉ាហ្វា។
ពួកគេបានឃើញក្រុមសកម្មប្រយុទ្ធមួយក្រុមតូចចល័តនៅចន្លោះអគារ ដែលក្រោយមកម្នាក់ក្នុងចំណោមនោះត្រូវបានគេកំណត់អត្តសញ្ញាណបានថាជាលោក ស៊ីនវ៉ា។
ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីជួយកំណត់ទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ ក្រុមល្បាតបានបើកការវាយប្រហារជាមួយក្រុមសកម្មប្រយុទ្ធភ្លាមៗ ហើយសម្លាប់ក្រុមសកម្មប្រយុទ្ធបានចំនួន ៣នាក់។
ក្រុមសកម្មប្រយុទ្ធម្នាក់បានរត់ចូលក្នុងអគារបាក់បែក ហើយក្រុមល្បាតបានបញ្ជាយន្តហោះគ្មានមនុស្សបើកតាមពីក្រោយគាត់។
ដោយបានមកដល់ចំនុចទាល់ច្រក លោក ស៊ីនវ៉ា ដែលមានរបួសអង្គុយលើកៅអីបាក់បែកបានយកដំបងគប់សំដៅទៅលើយន្តហោះគ្មានមនុស្សបើកដែលគេបញ្ជាឲ្យឆែកឆេក្នុងអគារដើម្បីតាមរកអ្នកប្រយុទ្ធពាក់ម៉ាស់ចុងក្រោយ។
បន្ទាប់មកអគារនេះត្រូវបានបាញ់កំទេចដោយរថក្រោះ និងគ្រាប់មីស៊ីលជាច្រើនគ្រាប់បណ្តាលឲ្យលោក ស៊ីនវ៉ា ស្លាប់នៅពេលនោះតែម្តង។
សាកសពរបស់ ស៊ីនវ៉ា នៅរក្សាភាពដើមមួយរយៈពេលសិន ដោយសារក្រុមទាហានខ្លាចមានដាក់អន្ទាក់ឬបង្កៃគ្រាប់បែក ហើយក្រុមទាហានរង់ចាំរហូតដល់ទីតាំងនេះមានសុវត្ថិភាព។
សាកសពរបស់លោក ស៊ីនវ៉ា ត្រូវបានគេបញ្ជូនទៅមន្ទីពិសោធន៍ក្នុងប្រទេសអ៊ីស្រាអែលជាកន្លែងដែលប៉ូលិសអ៊ីស្រាអែលបានបញ្ជាក់ពីលទ្ធផលត្រូវគ្នារវាងកំណត់ត្រាធ្មេញ និងស្នាមម្រាមដៃរបស់គាត់ដែលធ្លាប់ថតទុកកាលពីពេលជាប់ពន្ធនាគារលើកមុន។
តើគេសម្លាប់លោក ស៊ីនវ៉ា នៅឯណា?
នៅតាល់អាល់ស៊ុលតាន់ កងទ័ពអ៊ីស្រាអែលបានបំផ្លាញចោលស្ទើតែទាំងស្រុង។ ក្រុមស៊ើបអង្កេតប៊ែលលិងខេត បានផ្ទៀងផ្ទាត់ទីតាំងដោយយកខ្សែរវីដេអូដែលកងទ័ពអ៊ីស្រាអែលថតបានកាលពីខែកញ្ញា។
នេះបង្ហាញឱ្យឃើញថា កងទ័ពអ៊ីស្រាអែលបានស្គាល់ស្រុកនេះរួចមកហើយមុនពេលពួកគេ ប្រឈមមុខគ្នាជាមួយមេដឹកនាំក្រុមហាម៉ាសក្នុងសប្តាហ៍នេះ។
តើ លោក ស៊ីនវ៉ា រកឃើញដោយអង្គភាពចារកម្មរបស់អ៊ីស្រាអែលមែនឬ?
តាមសេចក្តីរាយការណ៍ថា អង្គភាពដែលជួបលោក ស៊ីនវ៉ា ដោយចៃដន្យគឺជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមជាច្រើននាក់ដែលជាមេបញ្ជាការក្រុមអត្តឃាត ដែលគាត់ម្នាក់ហ្នឹងមិនបានដឹងថាមេដឹកនាំក្រុមហាម៉ាសនៅទីនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានញូវយ៉កថាមស៍ដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល៤នាក់សុំមិនបញ្ចេញឈ្មោះ។
ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានអះអាងថាក្រុមចារកម្មរបស់ពួកគេបានរួមចំណែកក្នុងការកំណត់ទីតាំងឲ្យលោក ស៊ីនវ៉ា ឬបង្រួមតំបន់ឲ្យកាត់តែតូចដើម្បីឲ្យ ស៊ីនវ៉ា អាចចល័តបានត្រឹមតែក្នុងតំបន់នោះ។ ប៉ុន្តែមិនទាន់មានភ័ស្តតាងគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការលើកឡើងនេះទេ។
ឆ្លើយតបទៅនឹងព័ត៌មានមរណភាពរបស់ ស៊ិនវ៉ា ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន បាននិយាយថាលោកបាន “ណែនាំដល់បុគ្គលិកប្រតិបត្តិការពិសេស និងអ្នកជំនាញខាងចារកម្មរបស់លោកឲ្យធ្វើការជិតស្និតជាមួយនឹងសមភាគីអ៊ីស្រាអែល ដើម្បីជួយស្វែងរកទីតាំង និងតាមដានលោក ស៊ីនវ៉ា” ដែលការណែនាំនេះធ្វើឡើងភ្លាមៗបន្ទាប់ពីមានការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសមកលើអ៊ីស្រាអែល។
អ៊ីស្រាអែលក៏ប្រញាប់ប្រញាល់ផ្តល់កិត្តិយសដល់ក្រុមចារកម្មរបស់ខ្លួន ដោយបានអះអាងថាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបានកំណត់តំបន់ដែលលោក ស៊ីនវ៉ា កំពុងនៅ ហើយពួកគេបានចូលទៅយ៉ាងកៀកមេដឹកនាំក្រុមហាម៉ាស។
តើធនធានអ្វីខ្លះដែលគេប្រើប្រាស់ដើម្បីកំណត់ទីតាំង ស៊ីនវ៉ា?
លោក ស៊ីនវ៉ា គឺជាបុគ្គលគោលដៅមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
អង្គភាពពិសេសដើម្បីស្វែងរកលោក ស៊ីនវ៉ា ត្រូវបានបង្កើតឡើងនៅក្នុង ស្ហីនបេត ដែលជាកម្លាំងចារកម្មក្នុងស្រុករបស់អ៊ីស្រាអែល។
ដើម្បីគាំទ្រដល់អង្គភាព ស្ហីនបេត ភ្នាក់ងារអាមេរិកដែលគេរាយការណ៍ថានឹងស្ទាក់ចាប់រាល់ការទំនាក់ទំនងតាមគ្រឿងអេឡិចត្រូនិចដើម្បីជួយកំណត់ទីតាំងលោក ស៊ីនវ៉ា និងផ្តល់បច្ចេកវិទ្យា “រ៉ាដាក្រោមដី” ឬ “ground-penetrating radar” GPR។
ទោះបីជាមានរឿងទាំងអស់នេះក៏ដោយ ក៏បុរសដែលត្រូវបានព័ណ៌នាថាជា “អ្នកទោសប្រហារជិវិត” ដោយអ៊ីស្រាអែល បានគេចវេសពីការរកឃើញរបស់បច្ចេកវិទ្យាបណ្តាញឃ្លាំមើលដ៏ទំនើបបំផុតមួយរបស់ពិភពលោក។
មន្ត្រីអ៊ីស្រាអែលនិងអាមេរិកបាននិយាយថាលោក ស៊ីនវ៉ា គឺពិតជាពិបាកស្វែងរកខ្លាំងណាស់ព្រោះតែគាត់មិនប្រើឧបករណ៍ទំនាក់ទំនងតាមគ្រឿងអេឡិចទ្រនិចទេ ដែលវាអាចនឹងត្រូវបានគេតាមដាន។
ក្នុងខែកុម្ភៈ មន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក ស៊ីនវ៉ា កំពុងលាក់ខ្លួននៅក្នុងផ្លូវក្រោមដីរបស់ក្រុមហាម៉ា ដែលយកឈ្លើយសឹកដាក់នៅជុំវិញខ្លួនគាត់ដើម្បីជាខែលការពារ នេះបើតាមប្រភពពីវ៉ាស៊ីនតោនប៉ុស្តិ៍ ( Washington Post )។
ទាហានអ៊ីស្រាអែលបានឆែកឆេរនៅចំនុចទីតាំងដែលលោក ស៊ីនវ៉ា ស្លាប់ក្នុងពេលប្រយុទ្ធគ្នា ប៉ុន្តែរកមិនឃើញឈ្លើយសឹកដែលក្រុមនេះប្រើជាខែលទេ។
តើអ៊ីស្រាអែលធ្លាប់ប៉ុនប៉ងសម្លាប់ លោក ស៊ីនវ៉ា ស្ទើរតែបានមែនឬទេ?
ជាការពិតណាស់ អ៊ីស្រាអែលអះអាងថាខ្លួនធ្លាប់ប៉ុនប៉ងសម្លាប់ស្ទើរតែបានមែន។
ក្នុងខែឧសភា ឆ្នាំ២០២១ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំទេចផ្ទះរបស់លោក ស៊ីនវ៉ា នៅក្នុងក្រុងខានយូនីស។ កាលនោះមិនមានអ្នកស្លាប់ឬអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំមុន លោក យ៉ាវ ហ្កាឡាន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអះអាងថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្កាហ្សា ហើយថាលោក ស៊ីនវ៉ា ក៏បានជាប់ក្នុងលេណដ្ឋាននៅទីនោះដែរ។
នៅថ្ងៃទី៦ ខែធ្នូ យោធាអ៊ីស្រាអែលបានព័ទ្ធផ្ទះរបស់លោក ស៊ីនវ៉ា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា “មិនមានការចង្អុលបង្ហាញថាគាត់កំពុងស្នាក់នៅទីនោះទេ ព្រោះគាត់កំពុងលាក់ខ្លួន និងមានផ្ទះជាច្រើនកន្លែង”។
នៅក្នុងខែកញ្ញា ឆ្នាំនេះ នាយកដ្ឋានចារកម្មរបស់យោធាអ៊ីស្រាអែល តាមដឹងមកថាមានគេលើកឡើងថា លោក ស៊ីនវ៉ា អាចនឹងស្លាប់នៅក្នុងការវាយប្រហារកាលពីលើកមុននៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែមិនមានភស្តុតាងអះអាងថានេះគឺជារឿងពិត ក្រៅអំពីថាខ្វះខាតព័ត៌មានដែលលួចស្តាប់ពីការទំនាក់ទំនងថ្មីៗ។ លោក ស៊ីនវ៉ា បានទាក់ទងជាមួយក្រុមចរចារបស់ក្រុមហាម៉ាសសនៅទីក្រុងដូហានៅខែបន្ទាប់។
តើមានអ្វីកើតឡើងបន្ទាប់មកទៀត?
គេនៅមិនទាន់ដឹងថាតើមរណភាពរបស់លោក ស៊ីនវ៉ា អាចប៉ះពាល់ដល់ដំណើរការនៃសង្គ្រាមបង្ហូរឈាមរបស់អ៊ីស្រាអែលនៅទឹកដីហ្កាហ្សា កម្រឹតណានោះទេ។
ការស្លាប់របស់លោក ស៊ីនវ៉ា បានបង្កឡើងឲ្យមានពាក្យសម្តីកោងកាចបន្ថែមទៀតពីថ្នាក់ដឹកនាំយោធាអ៊ីស្រាអែល និងនាយករដ្ឋមន្ត្រីរបស់ពួកគេលោក បេនចាមីន នេតាន់យ៉ាហ៊ូ ដែលគាត់បានប្រាប់អ្នកមើលទូរទស្សន៍ ក្នុងឥរិយាបទងក់ក្បាលដូចទៅនឹងមេដឹកនាំសង្គ្រាមលោកលើកទី២ របស់ចក្រភពអង់គ្លេសលោក វ៉ីនស្តុន ឆ័រឆីល ថាមរណភាពរបស់លោក ស៊ីនវ៉ា មិនអាចគូសបញ្ជាក់ថាជាការបញ្ចប់សង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សានោះទេ ប៉ុន្តែវាអាចជាសញ្ញាបង្ហាញថាជា “ការចាប់ផ្តើមនៃសេចក្តីវិនាស”៕
ប្រភព Aljazeera ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤