ប្រទេសប៉ាគីស្ថាន៖ ទាហានប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា ថា ភេរវករ ២នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការ២ដាច់ដោយឡែកពីគ្នានៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេប៉ាគីស្ថាន ក្នុងរយៈពេល៣ថ្ងៃមកចុងក្រោយនេះ។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃសៅរ៍នេះកងកម្លាំងសន្តិសុខក្នុងស្រុកផីស្ហីនបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ថាមានវត្តមានក្រុមភេរវករ ។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ក្រុមភេរវករ ៥នាក់ត្រូវបានចាប់ខ្លួន និងអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនធំត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការ។ ក្រុមភេរវករដែលត្រូវបានចាប់ខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មជាច្រើនលើក និងបានរៀបចំគម្រោងដើម្បីវាយប្រហារលើកម្លាំងសន្តិសុខ និងជនស៊ីវិល។
ISPR និយាយថា ប្រតិបត្តិការមួយផ្សេងទៀតបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ នៅពេលក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានៅស្រុកហ្សប នៃខេត្តប៉ាឡូជីស្ថាន។ នៅក្នុងដំណើរការសម្អាតតំបន់នោះ អាវុធនិងគ្រាប់រំសេវក៏ត្រូវបានរកឃើញក្នុងបរិមាណដ៏ច្រើនផងដែរ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤