ប្រទេសអ៊ីរ៉ាក់៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៤នាក់ក្នុងនោះមានសមាជិកជាន់ខ្ពស់ម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា នៅក្នុងខេត្តសាឡាហ៊ូឌីន ភាគខាងជើងទីក្រុងបាដាដ នេះបើតាមសម្តីយោធាអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ការវាយប្រហារតាមអាកាសធ្វើឡើងបន្ទាប់ពីក្រុមចារកម្មយោធាអ៊ីរ៉ាក់បានឃ្លាំមើលជាច្រើនថ្ងៃដែលឈានទៅដល់អាចកំណត់ទីតាំងរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងដ៏រឹងមាំខ្លាំងនៅភាគខាងជើងខេត្ត។
សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ការវាយប្រហារនោះបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤នាក់ ក្នុងនោះមានទាំងមេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ក្នុងខេត្ត ចំណែកឯអាវុធ គ្រាប់រំសេវ ខ្សែរក្រវ៉ាត់បំផ្ទុះ ឧបករណ៍ទំនាក់ទំនង និងសម្ភារៈភស្តុភារជាច្រើនផ្សេងៗទៀតត្រូវបានបំផ្លាញ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយតែងតែលួចវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤