ប្រទេសលីបង់៖ យ៉ាងហោចណាស់មនុស្ស ៤នាក់ក្នុងនោះមានក្មេងម្នាក់ត្រូវបានសម្លាប់និងមនុស្ស២៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅយប់ថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យសាធារណៈមួយរបស់ប្រទេសលីបង់ដែលស្ថិតនៅក្បែរជាយក្រុងភាគខាងត្បូងទីក្រុងបេរូត នេះបើតាមប្រភពពីក្រសួងសុខាភិបាលលីបង់។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើមន្ទីរពេទ្យសាកលវិទ្យាល័យ រ៉ាហ្វីគ ហារ៉ីរ៉ី នៅក្នុងតំបន់ជេណា ដែលមានទីតាំងស្ថិតនៅជាយក្រុងនៃភាគខាងត្បូងក្រុងបេរូត។
ទូរទស្សន៍ក្នុងស្រុក អាលជេឌីដ បានចុះផ្សាយថា រថយន្តសង្គ្រោះមិនតិចជាង២៥គ្រឿងរបស់ក្រុមកាកបាទក្រហមលីបង់ និងក្រុមការពារជនស៊ីវិលប្រញាប់ប្រញាល់ចូលទៅក្នុង
តំបន់នោះ។ ការស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរបាក់បែកក្បែរមន្ទីពេទ្យនៅតែបន្តដំណើរការ។
ការវាយប្រហារតាមអាកាសបានបង្ខំឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកទីជម្រកដែលមានសុវត្ថិភាពនៅទីកន្លែងផ្សេងទៀត។
យន្តហោះចម្បាំងអ៊ីស្រាអែលថែមទាំងបានបើកការវាយប្រហារតាមអាកាសលើតំបន់ អូហ្សាយ ដែលជាតំបន់មានប្រជាជនច្រើនដែលមានទីតាំងស្ថិតនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្បែរព្រលានយន្តហោះ។
នៅយប់ថ្ងៃចន្ទ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស ១២លើកទៅលើតំបន់មួយចំនួនដែលនៅជាយក្រុងភាគខាងត្បូងក្រុងបេរូត ក្នុងនោះមានតំបន់ហារ៉េតហឺក បឺជបារាចនេហ អាលហាដាស្ស ចាមូស និងសៀនធឺរ៉ីស។
គួរបញ្ជាក់ផងដែរថា កងទ័ពអ៊ីស្រាអែលបាននិងកំពុងបន្ថែមការវាយប្រហារទៅលើប្រទេស លីបង់ចាប់តាំងពីចុងខែកញ្ញានៅក្នុងស្ថានភាពដ៏តានតឹងជាមួយក្រុមហេបូឡា៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤